ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឲ្យបើកកិច្ចប្រជុំបន្ទាន់មួយរបស់មន្ត្រីជាន់ខ្ពស់ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ក្នុងពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងៗ ពោលគឺមួយថ្ងៃបន្ទាប់ពីស្នូរកាំភ្លើង បានបន្លឺឡើង នៅព្រឹទ្ធសភា ជាទីដែលសមាជិកសភាមួយរូបដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ត្រូវការខ្លួន បានទៅសម្ងំលាក់ខ្លួននៅក្នុងនោះដោយសារខ្លាចមានការចាប់ខ្លួនលោក។
សមាជិកព្រឹទ្ធសភា លោក Ronald dela Rosa ដែលជាអតីតប្រមុខនគរបាលជាតិ និងជាអ្នកអនុវត្តដ៏សំខាន់ អំឡុង «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតី លោក Rodrigo Duterte ត្រូវបានតាមស្វែងចាប់ខ្លួន ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាបទចោទដូចគ្នាដែលលោក Duterte ត្រូវបានចោទប្រកាន់ជាផ្លូវវការ។ លោក Duterte នឹងក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលត្រូវបានកាត់ទោសនៅ ICC។

គួរបញ្ជាក់ថា សំឡេងកាំភ្លើងត្រូវបានឮកាលពីយប់ថ្ងៃទី១៣ ខែឧសភា នៅខាងក្នុងអគារព្រឹទ្ធសភា ហើយមនុស្សម្នាបានប្រញាប់ប្រញាល់នាំរត់រកកន្លែងលាក់ខ្លួន ដោយហេតុការណ៍នោះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក dela Rosa ដែលត្រូវបានគេស្គាល់ថា Bato ឬ Rock បានអំពាវនាវតាមបណ្ដាញសង្គមឲ្យអ្នកគាំទ្រប្រមូលផ្តុំ។ លោកបាននិយាយថា ភ្នាក់ងារអនុវត្តច្បាប់កំពុងមកយករូបលោកចេញពីសភា ជាកន្លែងដែលលោកបានទៅជ្រកកោន។
ហេតុការណ៍នេះបានបង្កឲ្យមានភាពវឹកវរ និងភាពច្របូកច្របល់ ដោយមានវត្តមានយ៉ាងច្រើននូវកងកម្លាំងនគរបាល និងឆ្មាំប្រដាប់អាវុធ នៅព្រឹទ្ធសភា ការតវ៉ានៅខាងក្រៅ ហើយការបាញ់កាំភ្លើងជាង ១០គ្រាប់កើតឡើងភ្លាមៗបន្ទាប់ពីកងម៉ារីនត្រូវបានស្នើសុំជាជំនួយ ដើម្បីពង្រឹងសន្តិសុខ។ ប្រធានាធិបតី លោក Ferdinand Marcos Jr បានជួបជាមួយមន្ត្រីរដ្ឋាភិបាល និងប្រមុខសន្តិសុខនៅថ្ងៃទី១៤ ខែឧសភានេះ៕


