ក្រុមចម្រុះកំពុងកាន់អំណាចរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) បានដាក់សំណើរំលាយសភារបស់ប្រទេស ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមុនអាណត្តិ ខណៈដែលនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានរងការរិះគន់កាន់តែខ្លាំងឡើងពីគណបក្សនិយមជ្រុល។

ចលនានេះ ដែលផ្តួចផ្តើមឡើងដោយគណបក្សស្ដាំនិយម Likud របស់លោក Netanyahu បានកើតឡើងនៅពេលដែលលោក Netanyahu ហាក់ដូចជាកំពុងប្រឈមនឹងការដួលរលំនូវរដ្ឋាភិបាលចម្រុះដែលពេញទៅដោយភាពបែកបាក់របស់លោក។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនោះ វានឹងនាំឲ្យមានការបោះឆ្នោតដោយស្វ័យប្រវត្តិ ក្រោយ ៩០ថ្ងៃ។
សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងដោយគណបក្ស Likud បានលើកឡើងថា៖ «សភា Knesset ទី២៥ នឹងត្រូវរំលាយមុនពេលបញ្ចប់អាណត្តិរបស់ខ្លួន។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងតាមកាលបរិច្ឆេទជាក់លាក់ ដែលអាចនឹងមិនបានមុនរយៈពេល ៩០ថ្ងៃ បន្ទាប់ពីមានការអនុម័តច្បាប់នេះ»។
សំណើនេះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃក្រុមសភាចំនួន ៦ នៅក្នុងក្រុមចម្រុះកំពុងកាន់អំណាច។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះអាចត្រូវបានដាក់ឲ្យបោះឆ្នោតនៅថ្ងៃទី២០ ខែឧសភា។ ការអនុម័តចំពោះច្បាប់នេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាអ្វីដែលប្រាកដណាស់ នឹងកើតឡើង៕
