ចៅក្រមអាមេរិកម្នាក់ កាលពីថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) បានចេញដីកាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងទណ្ឌកម្មដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០២៥ លើអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។
លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ត្រូវបានដាក់ទណ្ឌកម្មនៅក្នុងខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលោកស្រីបានរិះគន់ជាសាធារណៈ ចំពោះគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន លើតំបន់ហ្កាហ្សា។

ជាការប្រកាស អំពីទណ្ឌកម្មនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Marco Rubio បានវាយប្រហារធ្ងន់ៗ ចំពោះការរិះគន់របស់អ្នកជំនាញ UN រូបនេះ មកលើសហរដ្ឋអាមេរិក ហើយបាននិយាយថា លោកស្រីបានណែនាំតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ថា ដីកាចាប់ខ្លួនគួរតែត្រូវបានចេញ ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
អ្នកជំនាញកើតនៅអ៊ីតាលីរូបនេះ ដែលចាប់ផ្ដើមតួនាទីផ្លូវការនៅឆ្នាំ២០២២ បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តមួយចំនួនរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការរិះគន់ឥតឈប់ឈរ និងការចោទប្រកាន់ជាយូរមកហើយរបស់លោកស្រី ដែលថា អ៊ីស្រាអែលកំពុងប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» នៅតំបន់ហ្កាហ្សា។
នៅក្នុងដីការតុលាការរបស់លោក នាថ្ងៃទី១៣ ខែឧសភា ចៅក្រមប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោក Richard Leon បានចេញដីកាបឋមប្រឆាំងនឹងទណ្ឌកម្មនេះ។ នេះបើយោងតាមឯកសាររបស់តុលាការដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ។
នៅក្នុងសេចក្ដីពន្យល់មួយដែលភ្ជាប់មកជាមួយនឹងបទបញ្ជានេះ លោក Leon បានសរសេរថា៖ «ការការពារសេរីភាពនៃការបញ្ចេញមតិ គឺតែងតែស្ថិតនៅក្នុងផលប្រយោជន៍សាធារណៈ»៕
