នាយករដ្ឋមន្រ្តីនិយមស្តាំ-កណ្តាលឡាតវីលោកស្រី Evika Silina និយាយថា លោកស្រីនឹងលាលែងចេញពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះ បង្កឲ្យមានការដួលរលំរដ្ឋាភិបាលចម្រុះរបស់លោកស្រី រយៈពេលប៉ុន្មានខែប៉ុណ្ណោះ មុនពេលការបោះឆ្នោតគ្រោងនឹងធ្វើឡើងនៅខែតុលា ។

លោកស្រី និយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ថា លោកស្រីនឹងលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីឡាតវី ប៉ុន្តែលោកស្រីនឹងមិនបោះបង់ចោលវានោះទេ ។
ប្រធានាធិបតីឡាតវីលោក Edgars Rinkevics ដែលត្រូវបានប្រគល់ភារកិច្ចដោយរដ្ឋធម្មនុញ្ញឲ្យជ្រើសរើសមេដឹកនាំថ្មីរបស់រដ្ឋាភិបាលនោះ នឹងជួបប្រជុំជាមួយគណបក្សនយោបាយទាំងអស់នៅថ្ងៃសុក្រ ស្អែកនេះ ។
លោកស្រី Silina មកពីគណបក្សនិយមស្តាំ-កណ្តាលឯកភាពថ្មី ចាកចេញដោយមិនមានការគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាកាលពីថ្ងៃពុធ ក្រោយគណបក្សជឿនលឿនឆ្វេងនិយម និយាយថា ពួកគេដកចេញការគាំទ្ររបស់ខ្លួន ។
ការសម្រេចចិត្តលាលែងពីតំណែងនេះដែរ បានកើតឡើង បន្ទាប់ពីការបណ្តេញចេញពីតំណែងរបស់រដ្ឋមន្រ្តីការពារជាតិមកពីគណបក្សជឿនលឿនលោក Andris Spruds កាលពីចុងសប្តាហ៍កន្លងទៅ ជុំវិញការដោះស្រាយឧបទ្ទេវហេតុពាក់ព័ន្ធនឹងយានដ្រូនអ៊ុយក្រែន ដែលហោះចេញពីរុស្ស៊ីចូលក្នុងទឹកដីឡាតវី ៕
