នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានជំរុញឲ្យរដ្ឋសមាជិកក្រុមប្រទេស BRICS ធ្វើការថ្កោលទោសអ្វីដែលរូបលោកចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំង ការឈ្លានពានខុសច្បាប់របស់ពួកគេលើអ៊ីរ៉ង់ ។
សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមាន នៅជំនួបរយៈពេល ២ថ្ងៃ ក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ដោយរូបលោកគូសបញ្ជាក់ពីការបែងចែកនៅក្នុងប្លុកប្រទេស BRICS ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ចោលស្រមោលខ្មៅលើការជួបជុំគ្នារបស់រដ្ឋមន្រ្តីការបរទេសប្លុកមួយនេះ ។

បច្ចុប្បន្នប្លុកប្រទេសមួយនេះដែលរួមបញ្ចូលគូប្រជែងអ៊ីរ៉ង់ និងអារ៉ាប់រួម កំពុងជួបភាពស្មុគស្មាញក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីជំរុញគោលជំហររួមលើជម្លោះអ៊ីរ៉ង់ ។
ជម្លោះដែលបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ បានធ្វើឲ្យភាពតានតឹងភូមិសាស្រ្តនយោបាយកើនឡើង និងបង្កឲ្យមានវិបត្តិថាមពលសកល ។
ជំហររបស់អ៊ីរ៉ង់អាចនឹងបង្កការលំបាកដល់ក្រុមប្រទេស BRICS ដែលប្រតិបត្តិការដោយមតិរួម ដើម្បីឯកភាពលើសេចក្តីថ្លែងការណ៍រួមណាមួយ ធ្វើឲ្យវត្តមានរបស់អារ៉ាប់រួមឈរនៅខាងក្រុមប្រឆាំង ។ អ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនលើកលើប្រទេសអារ៉ាប់រួម និងប្រទេសជិតខាងនៅក្នុងតំបន់ ។
កាលពីដំបូងឡើយ ក្រុមប្រទេស BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនប៉ុណ្ណោះ ប៉ុន្តែក្រោយមកនៅឆ្នាំ ២០១១ ពួកគេបានបញ្ចូលអាហ្វ្រិកខាងត្បូង ហើយកាលពីពេលថ្មីៗកន្លងមកនេះ ពួកគេបានបញ្ចូលអេហ្ស៊ីប អេត្យូពី ឥណ្ឌូនេស៊ី អ៊ីរ៉ង់ និងអារ៉ាប់រួមបន្ថែមទៀត ៕
