រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បាននិយាយយនៅក្នុងបទសម្ភាសន៍នៅលើយន្តហោះកាលពីថ្ងៃពុធ ពេលដែលលោកប្រធានាធិបតី Donald Trump បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលចិនឲ្យរួមចំណែកសកម្មជាងនេះ ក្នុងការទប់ស្កាត់សកម្មភាពរបស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រពែរ្ស ។
លោកនិយាយប្រាប់ទូរទស្សន៍ Fox Newsថា ពួកយើងសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលពួកគេឲ្យរួមចំណែកសកម្មជាងមុន ដើម្បីឲ្យអ៊ីរ៉ង់ដើរចេញពីអ្វីដែលពួកគេកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ។
លោក Rubio បាននិយាយនៅក្នុងបទសម្ភាសន៍លើយន្តហោះ Air Force One តាមផ្លូវទៅកាន់ប្រទេសចិនថា ពួកយើងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា រាល់ការគាំទ្រណាមួយសម្រាប់អ៊ីរ៉ង់ មានតែបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងរបស់ពួកយើងប៉ុណ្ណោះ ។
លោក Trump បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីយប់ថ្ងៃពុធ មុនជំនួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងនោះជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សារបស់មេដឹកនាំទាំង ២ ។
ក្រុមអ្នកវិភាគនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកជំនួយពីទីក្រុងប៉េកាំង ដើម្បីបន្ធូរបន្ថយភាពតានតឹង បើទោះបីជាគេនៅមិនទាន់ច្បាស់ថាតើចិននឹងជួយដែរឬទេក៏ដោយ ៕

