កាលពីថ្ងៃពុធម្សិលមិញ រដ្ឋអាជ្ញាសាធារណៈ បានស្នើសុំឲ្យមានការជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ការផាកពិន័យជាទឹកប្រាក់ ៣០ម៉ឺនអឺរ៉ូ ហើយនិងបំរាមរយៈពេល ៥ឆ្នាំពីការងារការិយាល័យសាធារណៈ សម្រាប់អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy អំឡុងបណ្តឹងឧទ្ធរណ៍របស់លោក ដើម្បីបដិសេធការកាត់ទោសពីបទសមគំនិតព្រហ្មទណ្ឌ ។
លោក Sarkozy ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំកាលពីឆ្នាំមុន ក្រោយត្រូវបានកាត់ទោសពីបិទសមគំនិតព្រហ្មទណ្ឌចន្លោះឆ្នាំ ២០០៥ និងឆ្នាំ ២០០៧ សម្រាប់ការអនុញ្ញាតឲ្យជំនួយការជំនិតម្នាក់របស់លោក ទាក់ទងជាមួយមនុស្សនៅប្រទេសលីប៊ី ដើម្បីព្យាយាមទទួលបានហិរញ្ញវប្បទានយុទ្ធនាការ ។
ការកាត់ទោសនេះដែរ បានធ្វើឲ្យលោក Sarkozy ក្លាយជាប្រធានាធិបតីបារាំងក្រោយកាន់តំណែងលើកដំបូងគេ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ និងជាការធ្លាក់រាសីដ៏គួរភ្ញាក់ផ្អើលមួយសម្រាប់បុរសម្នាក់ដែលធ្លាប់ដឹកនាំប្រទេសបារាំង ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ។
លោកបានជាប់ពន្ធនាគារ La Sante ស្ថិតក្នុងទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំមុន ហើយត្រូវបានដោះលែងវិញ នៅរយៈពេល ៣សប្តាហ៍ក្រោយមក បន្ទាប់ពីតុលាការ យល់ព្រមដោះលែងរូបលោក ក្រោមការត្រួតពិនិត្យពីតុលាការ រួមទាំងការហាមឃាត់មិនឲ្យចាកចេញពីប្រទេសបារាំងផងដែរ ។
លោក Sarkozy តែងតែច្រានចោលការចោទប្រកាន់ទាំងអស់នេះ ហើយលោកអះអាងពីភាពគ្មានទោសរបស់លោក ។ ក្រុមមេធាវីរបស់លោកនឹងចាប់ផ្តើមដំណើរការសារភាពទោសនៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ ខណៈសេចក្តីសម្រេច ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ៕

