លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ២១ នៃលេខាធិការនៃភ្នាក់ងារពាក់ព័ន្ធមកពីរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃថា (SCO)ថា សន្តិភាពយូរអង្វែងនៅអ៊ុយក្រែន អាចធ្វើទៅបាន លុះត្រាតែមូលហេតុចម្បងទាំងអស់នៃជម្លោះ ត្រូវបានលុបបំបាត់ចោល។

លោក Shoigu បាននិយាយថា៖«វិបត្តិអ៊ុយក្រែនបង្ហាញយ៉ាងច្បាស់ពីស្តង់ដាពីរ។ ជំហររបស់យើង នៅតែមិនផ្លាស់ប្តូរ៖ ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាក់ម្តងហើយម្តងទៀត សន្តិភាពយូរអង្វែងតម្រូវឲ្យលុបបំបាត់មូលហេតុចម្បងទាំងអស់នៃជម្លោះនេះ»។
ជាពិសេស លោកលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា អ៊ុយក្រែនត្រូវតែត្រលប់ទៅរកមូលដ្ឋានគ្រឹះមិនចូលបក្សសម្ព័ន្ធ អព្យាក្រឹត និងគ្មាននុយក្លេអ៊ែរ ដែលមានចែងក្នុងសេចក្តីប្រកាសអធិបតេយ្យភាពឆ្នាំ ១៩៩០របស់ខ្លួន។
លោក Shoigu បានបញ្ជាក់ថា៖«លើសពីនេះទៅទៀត យើងនឹងបន្តស្វែងរកការទទួលស្គាល់ផ្នែកច្បាប់ពីអន្តរជាតិចំពោះការប្រគល់ទឹកដីទៅឲ្យរុស្ស៊ីវិញ និងការធានាសិទ្ធិមនុស្ស និងសេរីភាពទាំងអស់»៕
