រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចោទជាសំណួរឡើង ទាក់ទងនឹងអង្គការណាតូ (NATO) ក្នុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយរិះគន់ប្រទេសអេស្ប៉ាញ ចំពោះការបដិសេធយន្តហោះអាមេរិកមិនឲ្យចូលប្រើប្រាស់មូលដ្ឋានរបស់ខ្លួន អំឡុងសង្គ្រាមនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) ប៉ុន្តែត្រូវបានថតទុកកាលពីដើមសប្តាហ៍នេះ លោក Rubio បាននិយាយថា៖ «ហេតុផលមួយដែលខ្ញុំគាំទ្រអង្គការណាតូ គឺដោយសារតែវាផ្តល់ឲ្យយើងនូវសិទ្ធិប្រើប្រាស់មូលដ្ឋាន។ វាអនុញ្ញាតឲ្យយើងមានមូលដ្ឋាននៅអឺរ៉ុបដែលយើងអាចប្រើប្រាស់ក្នុងករណីបន្ទាន់ ដូចជាបញ្ហានៅតំបន់មជ្ឈិមបូព៌ាជាដើម»។
លោកបានបន្ថែមថា ដូច្នេះនៅពេលដែលអ្នកត្រូវដៃគូអង្គការណាតូបដិសេធអ្នកមិនឲ្យប្រើប្រាស់មូលដ្ឋានទាំងនោះ ពោលគឺនៅពេលដែលហេតុផលចម្បងដែលអង្គការណាតូអំណោយផល សម្រាប់សហរដ្ឋអាមេរិក ឥឡូវនេះត្រូវបានបដិសេធហើយនោះ ដោយមានប្រទេសអេស្ប៉ាញជាឧទាហរណ៍ សួរថា តើគោលបំណងនៃសម្ព័ន្ធភាព គឺជាអ្វី? វាចាប់ផ្តើមក្លាយជារឿង ដែលថា ពួកគេគឺជាសម្ព័ន្ធមិត្ត នៅពេលដែលពួកគេមានប្រយោជន៍ប៉ុណ្ណោះ»។
អេស្ប៉ាញបានបដិសេធយន្តហោះយោធាអាមេរិកមិនឲ្យចូលប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់ ដែលជំរុញឲ្យមានការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន ក្នុងការហាមឃាត់ពាណិជ្ជកម្ម ការដកកងទ័ព និងសូម្បីតែការផ្អាកភាពជាសមាជិករបស់អង្គការណាតូ។
អមដោយការបញ្ជាក់ថា មានប្រទេសមួយចំនួននៅក្នុងអង្គការណាតូ «ផ្ដល់ប្រយោជន៍ខ្លាំងណាស់» ចំពោះសហរដ្ឋអាមេរិក លោកបាននិយាយថា «ប្រទេសដទៃទៀត ដូចជាអេស្ប៉ាញ បានធ្វើនូវទង្វើអាក្រក់ និងគួរឲ្យខ្លាចរអាខ្លាំងបំផុត»៕
