ទិន្នន័យតាមដានការដឹកជញ្ជូន LSEG និង Kpler បង្ហាញថា នាវាដឹកប្រេងចិន ដឹកប្រេងឆៅអ៊ីរ៉ាក់ ២លានបារ៉ែល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ក្រោយជាប់ក្នុងតំបន់ឈូងសមុទ្រអស់រយៈពេលជាង ២ខែ ដោយសារសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
ទិន្នន័យបង្ហាញថា នាវាដឹកប្រេងឆៅ VLICC Yuan Hua Hu ត្រូវបានគេមើលឃើញធ្វើដំណើរទៅទិសខាងកើតឆ្ពោះទៅកាន់កំពង់ផែ Zhoushan របស់ចិននៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានគេរំពឹងថា នឹងទៅដល់គោលដៅនៅថ្ងៃទី ១ ខែមិថុនា ក្រោយបោះយុថ្កានៅឈូងសមុទ្រអូម៉ង់អស់មួយរយៈពេល នៅជិតទីទាំងដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដំឡើងការបិទច្រកលើនាវាអ៊ីរ៉ង់ កាលពីថ្ងៃពុធ ។
ការតាមដានការដឹកជញ្ជូនពី Marine Traffic ឃើញនាវា VLICC Yuan Hua Hu ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ចន្លោះថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍នេះ ។
ការឆ្លងកាត់នេះដែរ បានកើតមាន ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping កំពុងមាននូវជំនួបកំពូលរយៈពេល ២ថ្ងៃ នៅទីក្រុងប៉េកាំង ហើយនិងក្រោយពេលដែលរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ។
យោងតាមទិន្នន័យតាមដានការដឹកជញ្ជូន បានឲ្យដឹងទៀតថា នាវា Yuan Hua Hu បានផ្ទុកប្រេងឆៅ Basrah Medium ជិត ២លានបារ៉ែលនៅចំណត Basrah របស់អ៊ីរ៉ាក់ កាលពីដើមខែមីនា ហើយនិងបន្តជាប់នៅក្នុងឈូងសមុទ្រ រហូតដល់ពេលថ្មីៗនេះ ៕

