ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បាននិយាយនូវសម្ដីប្រកបដោយសុទិដ្ឋិនិយម នៅឯពិធីជប់លៀងផ្លូវរដ្ឋ ក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបានប្រារព្ធនូវអ្វីដែលមេដឹកនាំទាំង២ បានពិពណ៌នាថា ជាកិច្ចពិភាក្សាយ៉ាងទូលំទូលាយ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់លោក Trump នៅប្រទេសចិន។
អំឡុងពេលថ្លែងនៅឯពិធីជប់លៀងផ្លូវរដ្ឋនេះ លោក ស៊ី បានបញ្ជាក់ថា លោកមាន «ការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ» ជាមួយលោក Trump កាលពីព្រឹកមិញនេះ ហើយបាននិយាយថា មេដឹកនាំទាំង២ ជឿជាក់ថា ទំនាក់ទំនងចិន-អាមេរិក គឺជា «ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត នៅក្នុងពិភពលោក»។

ហើយជាមួយគ្នានេះ លោក ស៊ី ក៏បានមានប្រសាសន៍ផងដែរថា ការស្តារជាតិឡើងវិញរបស់ប្រទេសចិន និងរបៀបវារៈ «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត» របស់លោក Trump អាច «មានភាពស៊ីចង្វាក់គ្នា» ដោយកំណត់ទំនាក់ទំនង រវាងសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោកថា ជាទំនាក់ទំនងមួយដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំង២។
សម្រាប់លោក Trump មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះ ក៏បានសរសើរការពិភាក្សាទាំងនោះផងដែរ ដោយពណ៌នាអំពីការជជែកនេះថា «ប្រកបដោយភាពវិជ្ជមាន និងស្ថាបនាយ៉ាងខ្លាំង»។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងអាមេរិក-ចិន គឺជា «ទំនាក់ទំនងដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក»។
គួរបញ្ជាក់ថា ពិធីជប់លៀងផ្លូវរដ្ឋនេះបានកើតឡើងបន្ទាប់ពីលោក Trump និងលោក ស៊ី បានធ្វើកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលមានជំនួបកំពូលដ៏លេចធ្លោមួយដែលផ្តោតលើការធ្វើឲ្យទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងមានស្ថិរភាព ដោយបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា កោះតៃវ៉ាន់ និងសន្តិសុខសកលស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ នៅក្នុងរបៀបវារៈ៕
