ដោយសំអាងដល់ប្រភពមួយ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមអនុញ្ញាតឲ្យនាវាចិនមួយចំនួនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីមានការយោគយល់គ្នា លើពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់ ចំពោះផ្លូវទឹកនេះ។
របាយការណ៍របស់សារព័ត៌មាន Fars ពាក់ព័ន្ធនឹងការអនុញ្ញាតនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន បានយល់ស្របជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ថា ច្រកសមុទ្រ Hormuz ត្រូវតែបន្តបើកចំហដោយសេរីដដែល សម្រាប់លំហូរថាមពល។
ប្រភពនោះបានប្រាប់សារព័ត៌មាន Fars ថា ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីមានសំណើរបស់រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូតចិន ប្រចាំអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់យល់ព្រមសម្រួលដល់ការឆ្លងកាត់របស់នាវាចិនមួយចំនួន ស្របតាមភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២។
ភ្លាមៗនេះ គេមិនទាន់ច្បាស់នោះទេថា តើចំណាត់ការនេះបានផ្លាស់ប្តូរស្ថានភាពជាក់ស្ដែងដែរ ឬយ៉ាងណា ដោយអ៊ីរ៉ង់បានបង្ហាញរួចហើយ ក្នុងអំឡុងពេលមានសង្គ្រាមថា នាវាអព្យាក្រឹត ជាពិសេសនាវាដែលមានទំនាក់ទំនងជាមួយប្រទេសចិន អាចឆ្លងកាត់ច្រកសមុទ្របាន ដរាបណាពួកគេសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
ចំណែកទិន្នន័យតាមដាននាវា បានបង្ហាញថា នាវាដឹកប្រេងដ៏ធំ ១គ្រឿងរបស់ចិនដែលដឹកប្រេងឆៅអ៊ីរ៉ាក់ចំនួន ២លានបារ៉ែល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ បន្ទាប់ពីជាប់នៅឈូងសមុទ្រនេះអស់រយៈពេលជាង ២ខែ ដោយសារសង្គ្រាមអាមេរិក ជាមួយអ៊ីរ៉ង់៕