ប្រធានាធិបតីចិនលោក Xi Jinping បានចាត់ទុកទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកថា ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក ហើយទំនាក់ទំនងនេះ មិនត្រូវមានកំហុសនោះទេ ។
លោក Xi បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងពេលលើកកែវជល់ នៅក្នុងពិធីលៀងសាយភោជន៍រដ្ឋ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯវិមាន Great Hall of the People ស្ថិតក្នុងទីក្រុងប៉េកាំង ។ លោកនិយាយថា ការស្តាជាតិរបស់ចិន និងធ្វើឲ្យសហដ្ឋអាមេរិកអស្ចារ្យម្តងទៀត អាចដើរទន្ទឹមគ្នាបាន ។
លោកនិយាយថា ថ្ងៃនេះ លោកមាននូវការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយលោកប្រធានាធិបតី Trump លើទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ក៏ដូចជាស្ថានភាពអន្តរជាតិ និងក្នុងតំបន់ ។ ពួកយើងបានឯកភាពគ្នាថា ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោកសព្វថ្ងៃនេះ ។ ពួកគេអាចដោះស្រាយគ្នាបានស្រួល ហើយមិនត្រូវបង្កកំហុសនោះទេ ។ ពេលដែលប្រទេសទាំង ២ សហប្រតិបត្តិការគ្នា ពួកគេទាំង ២នឹងទទួលបានអត្ថប្រយោជន៍ ពេលដែលពួកគេប្រឈមដាក់គ្នា ពួកគេទាំង ២នឹងរងគ្រោះ ។ ពួកគេគួរតែជាដៃគូ មិនមែនជាសត្រូវនោះទេ ។
លោក Xi និយាយទៀតថា ពួកយើងបានឯកភាពបង្កើតទំនាក់ទំនងចិន-សហរដ្ឋអាមេរិកប្រកបដោយស្ថិរភាពយុទ្ធសាស្រ្ត និងស្ថាបនា លើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព សុខភាព និងនិរន្តរភាព ហើយនិងនាំសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពបន្ថែមទៀត មកកាន់ពិភពលោក ៕