កិច្ចប្រឹងប្រែង ដើម្បីទម្លាក់លោក Keir Starmer ពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រែក្លាយទៅជាការប្រឆាំងបើកចំហជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយគូប្រជែងដ៏មានសក្តានុពលម្នាក់បានលាលែងពីតំណែងពីគណៈរដ្ឋមន្ត្រី ហើយម្នាក់ទៀត បានបើកផ្លូវឲ្យខ្លួនឯងចូលរួមក្នុងការប្រកួតប្រជែងភាពជាអ្នកដឹកនាំ នាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wes Streeting បានក្លាយជារដ្ឋមន្ត្រីជាន់ខ្ពស់ដំបូងគេ ដែលបានលាលែងពីតំណែង ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Starmer នៅថ្ងៃព្រហស្បតិ៍នេះ ជាអ្វីដែលត្រូវបានគេរំពឹងថា នឹងក្លាយជាសញ្ញា ដែលបង្ហាញពីការផ្ដល់បញ្ហាប្រឈមដល់ភាពជាអ្នកដឹកនាំរបស់លោក។
លោក Starmer កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ដែលទាមទារឲ្យលោកចុះចេញពីតំណែង បន្ទាប់ពីមាននូវលទ្ធផលដ៏អាក្រក់ខ្លាំងបំផុតនៃគណបក្សការងារ (Labour Party) របស់លោក កាលពីសប្តាហ៍មុន នៅក្នុងការបោះឆ្នោតនៅមូលដ្ឋាន និងតំបន់។
លោក Streeting បានសរសេរនៅក្នុងលិខិតមួយថា៖ «ឥឡូវនេះវាគឺច្បាស់ណាស់ថា អ្នកនឹងមិនត្រូវដឹកនាំគណបក្សការងារចូលរួមការបោះឆ្នោតសកលលើកក្រោយទេ ហើយសមាជិកសភាគណបក្សការងារ និងសហជីពការងារចង់ឲ្យការជជែកដេញដោល អំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ដើម្បីជាការតស៊ូដោយគំនិត ពោលគឺមិនមែនបុគ្គលិកលក្ខណៈ ឬការបែកបាក់តូចតាចក្នុងបក្សនោះទេ»។
លោកបានបន្ថែមថា៖ «វាត្រូវតែទូលំទូលាយ ហើយវាត្រូវតែជាទីកន្លែងប្រកួតប្រជែងរបស់បេក្ខជនដ៏ល្អបំផុត។ ខ្ញុំគាំទ្រវិធីសាស្រ្តនោះ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងជួយសម្រួលឲ្យដំណើរការនោះកើតឡើង»។
លោក Streeting ដែលមហិច្ឆតានយោបាយរបស់លោក ត្រូវបានដឹងជាយូរមកហើយនោះ ត្រូវបានចាត់ទុកថា ជាម្នាក់ក្នុងចំណោមបុគ្គលមួយចំនួនតូចដែលអាចព្យាយាមទម្លាក់លោក Starmer ចេញពីតំណែង៕