ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារដ៏ធំដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី លើទីក្រុងគីវ ដោយបញ្ជាក់ថា វាបង្ហាញពី «ភាពទន់ខ្សោយ» និងអសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការ «បញ្ចប់សង្គ្រាមឈ្លានពានរបស់ខ្លួន»។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់លើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនម៉ោង នាព្រឹកថ្ងៃព្រហស្បតិ៍ ដោយប្រើប្រាស់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់។
លោក Macron បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា៖ «ដោយមានការទម្លាក់គ្រាប់បែកលើជនស៊ីវិល រុស្ស៊ីបានបង្ហាញឲ្យឃើញភាពទន់ខ្សោយរបស់ខ្លួន ជាជាងភាពខ្លាំង។ ប្រទេសនេះអស់ជម្រើសផ្នែកសមរភូមិយោធា ហើយមិនដឹងពីរបៀបបញ្ចប់សង្គ្រាមឈ្លានពានរបស់ខ្លួនឡើយ»។
គួរបញ្ជាក់ថា រុស្ស៊ី ដែលបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនកាលពីជាង ៤ឆ្នាំមុន បានផ្ដល់ហេតុផលថា ការវាយប្រហារទាំងនោះ គឺជាការសងសឹក និងកំណត់គោលដៅលើទីតាំងដែលមានទំនាក់ទំនងជាមួយយោធា និងកន្លែងផលិតថាមពលដែលគាំទ្រកងទ័ពអ៊ុយក្រែន៕