អាជ្ញាធរក្នុងស្រុក និងក្រុមអ្នកស្រុកនិយាយថា ទាហានកុងហ្គោ និងក្រុមយុទ្ធជនសម្ព័ន្ធមិត្ត Wazalendo ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ជ្រលងភ្នំ Ruzizi Plain ស្ថិតនៅភាគខាងកើតសាធារណៈប្រជាធិបតេយ្យកុងហ្គោ ក្រោយក្រុមឧទ្ទាម M23 ដកកងកម្លំាងរបស់ខ្លួនចេញពីទីតាំងឈរជើងជាច្រើន នៅខេត្ត South Kivu ។
ការរុលចូលមកដល់នេះ បានក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងជម្លោះ ដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២៥ ពេលដែលក្រុមចលនា M23គាំទ្រដោយរ៉្វាន់ដា ចាប់ផ្តើមឡើងវិញការឈ្លានពានរបស់ពួកគេលើតំបន់ភាគខាងកើតកុងហ្គោ ដោយដណ្តើមបានការគ្រប់គ្រងដែនដីនៅទូទាំងខេត្ត North Kivu និងខេត្ត South Kivu ។
ការដកទ័ពចេញពីតំបន់ជ្រលងភ្នំ Ruzizi Plain បានកើតមានឡើង ស្របពេលមានកិច្ចខិតខំការទូតថ្មី បើទោះបីជាការប្រយុទ្ធគ្នានៅតែបន្ត តាមតំបន់ជាច្រើននៅភាគខាងកើតកុងហ្គោក៏ដោយ ។
រថយន្តដឹកទាហាន FARDC បានចូលដល់ទីក្រុង Sange ខណៈទាហាន ល្បាតតាមដងផ្លូវដោយថ្មើរជើង និងតាមទោចចក្រយានយន្ត ។
ការដាក់ពង្រាយយោធាចុងក្រោយនេះ បានកើតមានឡើង ស្របពេលក្រុមអ្នកសម្របសម្រួលកាតា សហរដ្ឋអាមេរិក និងអាហ្វ្រិក បន្តកិច្ចខិតខំរបស់ពួកេ ដើម្បីស្រោចស្រង់ឡើងវិញកិច្ចប្រជុំសន្តិភាពរវាងកុងហ្គោ រ៉្វាន់ដា និងក្រុមសម្ព័ន្ធមិត្ត AFC/M23 បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាកាលពីឆ្នាំ ២០២៥ ហើយនិងកិច្ចចរចាដាច់ដោយឡែកផ្សេងទៀតនៅទីក្រុង Dohaដែលមានគោលបំណងទទួលបានបទឈប់បាញ់ និងការដោះស្រាយបញ្ហានយោបាយទ្រង់ទ្រាយធំជាងនេះ ៕