រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចោទប្រកាន់អេមីរ៉ាតអារ៉ាប់រួមថា បានចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសរបស់លោក អំឡុងកិច្ចប្រជុំរបស់ប្លុក BRICS នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
ជម្លោះនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីអារ៉ាប់រួម បានបដិសេធសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា លោកបានទៅទស្សនកិច្ចប្រទេសឈូងសមុទ្រមួយនេះ ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ ដែលលោក Araghchi បានប្រតិកម្មរួចហើយ ដោយនិយាយថា «អ្នកដែលឃុបឃិតជាមួយអ៊ីស្រាអែល ដើម្បីសាបព្រោះការបែកបាក់ នឹងត្រូវទទួលខុសត្រូវ»។
ជាឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់តំណាងអារ៉ាប់រួម លោក Araghchi ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋដកស្រង់សម្តីដែលបាននិយាយនៅថ្ងៃទី១៤ ខែឧសភានេះថា៖ «ខ្ញុំមិនបានបញ្ចេញឈ្មោះប្រទេសអារ៉ាប់រួមនៅក្នុងសេចក្តីថ្លែងការណ៍ (BRICS) របស់ខ្ញុំ ដើម្បីជាប្រយោជន៍នៃការមានឯកភាព។ ប៉ុន្តែការពិត គឺថា អារ៉ាប់រួមមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការឈ្លានពានប្រឆាំងនឹងប្រទេសរបស់ខ្ញុំ។ នៅពេលដែលការវាយប្រហារបានចាប់ផ្តើម ពួកគេមិនបានចេញការថ្កោលទោសឡើយ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ មិនបានបញ្ជាក់នោះឡើយថា តើតំណាងអារ៉ាប់រួមបានលើកឡើងពីអ្វីខ្លះ។ យោងតាមសេចក្ដីរាយការណ៍ទាំងនោះ បានឲ្យដឹងថា លោក Araghchi បានអះអាងថា ទាំងការមានមូលដ្ឋានទ័ពអាមេរិក និងជាសម្ព័ន្ធមិត្តជាមួយអ៊ីស្រាអែល មិនបានផ្តល់ឲ្យអារ៉ាប់នូវការមានសន្តិសុខនោះទេ ហើយថា ខ្លួនគួរតែពិចារណាឡើងវិញនូវគោលនយោបាយរបស់ខ្លួន ចំពោះអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានលើកឡើងពីការសង្ស័យថា តើអ្នកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅប្រទេសឥណ្ឌា នឹងអាចចេញសេចក្តីថ្លែងការណ៍ចុងក្រោយបានដែរ ឬទេ បើមានការខ្វែងគំនិតគ្នា រវាងអ៊ីរ៉ង់ និងអារ៉ាប់រួមបែបនេះ៕