ក្នុងជំនួបពិភាក្សាដ៏សំខាន់មួយនៅថ្ងៃទី១នៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោកDonald Trump នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ១៤ឧសភាសប្ដាហ៍នេះ ប្រមុខរដ្ឋទាំងពីរបានឯកភាពគ្នាលើចក្ខុវិស័យថ្មីនៃការកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រចិន-អាមេរិក ដែលមានលក្ខណៈស្ថាបនា ជាក្របខ័ណ្ឌមួយដែលរំពឹងថានឹងផ្តល់ការចង្អុលបង្ហាញជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងចិន-អាមេរិកក្នុងរយៈពេលបីឆ្នាំខាងមុខ និងលើសពីនេះ។

ក្នុងអំឡុងកិច្ចពិភាក្សារយៈពេលជាងពីរម៉ោងនៅមហាសាលប្រជាជន លោកXi បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយប្រធានាធិបតីអាមេរិក ដើម្បីកំណត់ទិសដៅ និងដឹកនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិក ដើម្បីធ្វើឱ្យឆ្នាំ ២០២៦ ក្លាយជាឆ្នាំប្រវត្តិសាស្ត្រ និងជាឆ្នាំដ៏សំខាន់ ដែលបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។
ដោយសារទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោកពោរពេញដោយការផ្លាស់ប្តូរ និងភាពវឹកវរឥតឈប់ឈរ ប្រទេសទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយការប្រឈមដាក់គ្នា។
ដោយពន្យល់លម្អិតអំពីចក្ខុវិស័យថ្មីនេះ លោកប្រធានាធិបតីចិន បានថ្លែងថា «ស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយស្ថាបនា» គួរតែជាស្ថិរភាពវិជ្ជមានដែលមានកិច្ចសហប្រតិបត្តិការជាស្នូល ស្ថិរភាពរឹងមាំជាមួយនឹងការប្រកួតប្រជែងកម្រិតមធ្យម ស្ថិរភាពជាប់លាប់ជាមួយនឹងការខ្វែងគំនិតគ្នាដែលអាចគ្រប់គ្រងបាន និងស្ថិរភាពយូរអង្វែងជាមួយនឹងការសន្យានៃសន្តិភាព។
លោកបានសង្កត់ធ្ងន់ថា ការកសាងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រមិនគួរគ្រាន់តែជាពាក្យស្លោកគ្មានសារៈសំខាន់នោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែងដែលភាគីទាំងពីរបានធ្វើឡើងឆ្ពោះទៅរកគោលដៅដូចគ្នា។
លោកTrumpបានអញ្ជើញលោក Xi និងស្ត្រីទី១ ទៅកាន់សេតវិមាន សម្រាប់ដំណើរទស្សនកិច្ចនៅថ្ងៃទី ២៤ ខែកញ្ញាខាងមុខ អំឡុងពិធីលៀងសាយភោជន៍រៀបចំឡើងដោយលោក Xi ដើម្បីទទួលលោក Trump ៕

