ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានប្តេជ្ញាថានឹងជំរុញកំណែទម្រង់ដល់អាជ្ញាធរប៉ាឡេស្ទីននៅក្នុងកិច្ចប្រជុំរបស់គណបក្ស Fatah របស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ដោយលោកបាននិយាយថា លោកបានត្រៀមជាស្រេចដើម្បីធ្វើការបោះឆ្នោតប្រធានអាជ្ញាធរ និងសភាដែលត្រូវបានពន្យារពេលជាយូរមកហើយ។

គណបក្ស Fatah បានចាប់ផ្តើមសន្និសីទរយៈពេលបីថ្ងៃ ដើម្បីជ្រើសរើសគណៈកម្មាធិការកណ្តាលថ្មី ជាស្ថាប័នដឹកនាំខ្ពស់បំផុតរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះខណៈប្រឈមនឹងបញ្ហាច្រើនដែលកើតមានបន្ទាប់ពីសង្គ្រាមនៅតំបន់ហ្កាហ្សា។ លោក Abbas បាននិយាយថា «យើងបន្តការប្តេជ្ញាចិត្តពេញលេញក្នុងការបន្តការងារលើការអនុវត្តវិធានការកំណែទម្រង់ទាំងអស់ដែលយើងបានសន្យា» ដោយប្តេជ្ញាថារៀបចំការបោះឆ្នោតថ្មី ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់នោះទេ។ ដោយថ្លែងលើកឡើងពីការកាន់កាប់ដែនដីប៉ាឡេស្ទីនរយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែល មេដឹកនាំចាស់វស្សាអាយុ៩០ឆ្នាំរូបនេះ បាននិយាយថា ការរៀបចំកិច្ចប្រជុំ «នៅលើដែនដីមាតុភូមិរបស់យើង បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តដើរលើមាគ៌ាលទ្ធិប្រជាធិបតេយ្យ»។ កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Abbas បានជាប់ឆ្នោតថ្មីជាឯកច្ឆន្ទ ជាមេដឹកនាំនៃចលនា Fatah នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA។ ការជាប់ឆ្នោតថ្មីរបស់លោក ក៏ធានាបានថា លោកនឹងបន្តបម្រើជាប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្សផងដែរ។

លោក Abbas និងអាជ្ញាធរប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋអារ៉ាប់ ដើម្បីអនុវត្តកំណែទម្រង់ និងរៀបចំការបោះឆ្នោត ក្នុងពេលមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីអំពើពុករលួយ និងភាពជាប់គាំងខាងនយោបាយ ព្រមទាំងភាពស្របច្បាប់ដែលបានធ្លាក់ចុះរបស់ស្ថាប័ននេះ ក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីន។