ព្រះសីហនុ៖ រូបសំណាកព្រះថោង នាងនាគ នឹងត្រូវប្រារព្ធពិធីអភិសេក នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
រូបសំណាកព្រះថោងនាងនាគ ត្រូវបានក្រុមបច្ចេកទេសផ្គុំ និងលើកដាក់នៅលើបល្ល័ង្ក ដោយជោគជ័យ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។
រូបសំណាកព្រះថោងនាងនាគ មានកម្ពស់ប្រមាណ២១ម៉ែត្រ ដាក់តាំងនៅត្រង់រង្វង់មូល ព្រះថោងនាងនាគដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបសំណាកនេះ ធ្វើឡើងពីស្ពាន់ក្នុងប្រទេសចិន ទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាត ដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ម៉ែត្រ។
រូបសំណាកដ៏ធំជាងគេនៅកម្ពុជានេះ ឆ្លាក់តាមរចនាបថខ្មែរ ធ្វើឡើងដោយស្ថាបត្យករខ្មែរសុទ្ធសាធ ក្រោមថវិកាជាតិដែលជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា៕




