រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ១,៨ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ ដោយនិយាយថា វានឹងត្រូវបានបម្រុងទុកសម្រាប់ជំនួយសង្គ្រោះជីវិតដល់ជនរងគ្រោះនៃគ្រោះមហន្តរាយធម្មជាតិ ទុរ្ភិក្ស និង «អ្នកដែលពិតជាត្រូវការជំនួយធ្ងន់ធ្ងរ» ទោះបីជាសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយបរទេសជារួមក៏ដោយ។

ថវិកានេះ នឹងត្រូវបានបែងចែកក្នុងរយៈពេលមួយឆ្នាំខាងមុខ និងបន្ថែមទៅលើចំនួន ២ ពាន់លានដុល្លារដែលរដ្ឋបាលលោក ត្រាំ បានសន្យាកាលពីខែធ្នូ។ លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ រិកប្រចាំUN បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មូលនិធិថ្មីនេះ គ្រាន់តែជា «ជំហានចុងក្រោយបំផុត» ប៉ុណ្ណោះ។

យោងតាមក្រសួងការបរទេស ដែលបាននិយាយថា ការចូលរួមវិភាគទានថ្មីនេះ បាននាំមកនូវការគាំទ្រ ទាំងស្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កម្មវិធីមនុស្សធម៌របស់UN ដល់ ៣,៨ ពាន់លានដុល្លារនៅទូទាំងប្រទេសចំនួន ២១ ថវិកានេះនឹងត្រូវបានផ្តល់អាទិភាពសម្រាប់គម្រោងដែលដំណើរការក្នុងស្រុក ដើម្បីជួយដល់ប្រជាជនដែលងាយរងគ្រោះបំផុត។
ក្រសួងបាននិយាយថា ការចូលរួមវិភាគទានដំបូង បានផ្តល់ «ជំនួយសង្គ្រោះជីវិតដល់មនុស្ស ២១,១ លាននាក់កាន់តែលឿន កាន់តែមានប្រសិទ្ធភាព និងកាន់តែផ្តោតសំខាន់លើអ្នកដែលប្រឈមនឹងតម្រូវការមនុស្សធម៌ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលតិចជាងបួនខែ»៕