នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីរ៉ាក់ លោក Ali al-Zaidi បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងគណៈរដ្ឋមន្ត្រីមួយផ្នែក បន្ទាប់ពីសមាជិកសភា មិនអាចឈានដល់ការឯកភាពគ្នាលើមុខតំណែងសំខាន់ៗមួយចំនួន រួមទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។

សភា បានអនុម័តសមាជិកចំនួន ១៤ រូបនៃគណៈរដ្ឋមន្ត្រីរបស់លោក al-Zaidi ខណៈការបោះឆ្នោតលើមុខតំណែងដែលនៅសល់ត្រូវបានពន្យារពេល ដោយសារតែការចរចានយោបាយកំពុងនៅបន្ត។
ក្នុងអំឡុងពេលសម័យប្រជុំដឹកនាំដោយប្រធានសភា លោក Haibet al-Halbousi សមាជិកសភាចំនួន ២៦៦ រូប បានបោះឆ្នោតគាំទ្ររដ្ឋមន្ត្រីទាំង១៤រូប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សភា។
ក្នុងចំណោមអ្នកដែលត្រូវបានអនុម័តរួមមាន លោក Fuad Hussein ដែលនៅតែរក្សាតំណែងជារដ្ឋមន្ត្រីការបរទេស លោក Basim Mohammed Khudair ជារដ្ឋមន្ត្រីប្រេង និងលោក Faleh al-Sari ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ ការបោះឆ្នោតលើក្រសួងសំខាន់ៗផ្សេងទៀត រួមមានក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលត្រូវបានពន្យារពេលដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការពិគ្រោះយោបល់ផ្នែកនយោបាយ។
បន្ទាប់ពីការបោះឆ្នោតផ្តល់ទំនុកចិត្ត លោក al-Zaidi និងរដ្ឋមន្ត្រីចំនួន ១៤ រូប បានស្បថចូលកាន់តំណែងតាមរដ្ឋធម្មនុញ្ញ នៅចំពោះមុខសភា។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី ត្រូវតែទទួលបានការអនុម័តតពីសភាសម្រាប់កម្មវិធីគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាល មុនពេលចូលកាន់តំណែងជាផ្លូវការ។
