ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយ ទៅលើការលេងកម្សាន្តប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនោះទេ ហើយសម្តេចក៏សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល ឬផាកពិន័យសម្រាប់ការលេងកម្សាន្តរបស់ពលរដ្ឋដែរ។
ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះជាកំណើនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមានចំនួនច្រើនយ៉ាងណាក៏ដោយ ក៏តួលេខ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់ ហើយសម្តេចក៏សង្ឃឹមថា ពេលចូលឆ្នាំចប់ បញ្ហាកូវីដ-១៩ ក៏នៅតែស្ថិតក្នុងកម្រិតតិចតួច ដែលយើងអាចគ្រប់គ្រងបាន។
សម្តេចតេជោ ហ៊ុន សែន បានបំផុសឱ្យប្រជាពលរដ្ឋនាំគ្នាកម្សាន្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយអំពាវនាវដល់អាជ្ញាធរ មិនត្រូវមានការរឹតត្បិតណាមួយព័ន្ធវិធានការកូវីដ-១៩នោះទេ លើកលែងតែមានបញ្ហាបន្ទាន់ ឬសំខាន់ ដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលប៉ុណ្ណោះ៕