មនុស្សជាច្រើនរំពឹងថា កិច្ចប្រជុំ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងមិនសម្រេចបានលទ្ធផលអ្វីជាដុំកំភួនឡើយ តែលោកសាស្ត្រាចារ្យ Graham Allison មកពីសាកលវិទ្យាល័យ Harvard ជឿជាក់ថា លោកមើលឃើញពីសញ្ញាដែលបង្ហាញពីភាពជោគជ័យដ៏ធំ និងពហុវិស័យ។

ផលចំណេញដំបូង គឺថា ការចូលរួមកម្រិតមេដឹកនាំចំនួន ៤លើក ឥឡូវនេះហាក់ដូចជាកំពុងដំណើរការ ដែលបង្ហាញពីស្ថិរភាពជាយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងពិភពលោកដែលរងការគំរាមកំហែងដោយសារសង្គ្រាម នៅប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន។ នេះគឺដោយសារលោក Trump បានធ្វើការអញ្ជើញជាសាធារណៈ ចំពោះសមភាគីចិនរបស់លោក គឺលោក ស៊ី ឲ្យទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាថ្ងៃទី២៤ ខែកញ្ញា។ ហើយជំនួបផ្ទាល់ ២ផ្សេងទៀតទំនងជានៅឯកិច្ចប្រជុំ APEC (សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) នៅទីក្រុង Shenzhen របស់ចិន ក្នុងខែវិច្ឆិកា បន្ទាប់មកគឺកិច្ចប្រជុំ G20 (ប្រទេសមានសេដ្ឋកិច្ចលូនលាស់ទាំង២០) នៅទីក្រុង Miami សហរដ្ឋអាមេរិក។
ការទទួលយកការអញ្ជើញរបស់លោក ស៊ី ដែលអាចនឹងមាននៅចុងបញ្ចប់នៃជំនួបកំពូល នឹងអាចឲ្យមានការបញ្ចប់មួយប្រកបដោយក្តីសង្ឃឹម ទោះបីជាការខ្វែងគំនិតគ្នា នៅតែមាន ជុំវិញបញ្ហាស្មុគស្មាញជាច្រើន រាប់ចាប់ពីកោះតៃវ៉ាន់ រហូតដល់ការគ្រប់គ្រងការនាំចេញក៏ដោយ។ ធាតុផ្សំមួយទៀតនៃភាពជោគជ័យ កពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ អាចត្រូវបានថ្លែងនៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលនេះ។
នៅក្នុងសុន្ទរកថាកិច្ចពិភាក្សាថ្ងៃទី១ របស់លោក ប្រធានាធិបតីចិនបានឆ្លៀតចូលបន្តិចទៅក្នុងគោលគំនិតក្នុងសៀវភៅដ៏ពេញនិយមឆ្នាំ២០១៧ របស់លោកសាស្ត្រាចារ្យ Allison ដោយចោទសួរថា តើសង្គ្រាមស្ទើរតែត្រូវបានកំណត់ឲ្យមាននៅពេលដែលមហាអំណាចថ្មី ប្រឈមនឹងមហាអំណាចចាស់ ឬយ៉ាងណា។ លោក ស៊ី បានសួរថា៖ «តើចិន និងសហរដ្ឋអាមេរិកអាចជម្នះលើអន្ទាក់ធូស៊ីឌីឌេស «Thucydides’ Trap» (គំនិតដែលបារម្ភថា មហាអំណាចថ្មីគ្របលើមហាអំណាចចាស់) និងបង្កើតគំរូថ្មី សម្រាប់ទំនាក់ទំនង រវាងមហាអំណាចបានទេ?"
លោកសាស្ត្រាចារ្យ Allison បានប្រាប់សារព័ត៌មាន The Straits Times ថា៖ «ប្រធានាធិបតីទាំង២ លោក ស៊ី និងលោក Trump កំពុងសួរសំណួរត្រឹមត្រូវ។ ហើយពួកលោកកំពុងស្វែងរកប្រាកដប្រជា ក្នុងការផ្លាស់ប្តូររូបរាងការប្រជែងគ្នានេះ ដើម្បីស្វែងរកមធ្យោបាយគេចចេញពីអន្ទាក់ធូស៊ីឌីឌេស»៕
