ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងមិននៅមានការអត់ធ្មត់ច្រើនទៀតទេជាមួយប្រទេសអ៊ីរ៉ង់ ដោយលោកបានជំរុញឲ្យទីក្រុងតេអេរ៉ង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលក៏បានលើកឡើងផងដែរថា កិច្ចប្រឹងប្រែងយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយរបស់អ៊ីរ៉ង់ គឺពាក់ព័ន្ធនឹងមុខមាត់សាធារណៈច្រើនជាងសន្តិសុខ។

នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នៅលើកម្មវិធី Hannity របស់ប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Trump បាននិយាយថា៖ «ខ្ញុំនឹងមិនសល់ភាពអត់ធ្មត់ច្រើនទៀតទេ។ ពួកគេគួរតែធ្វើកិច្ចព្រមព្រៀង»។
ហើយនៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍នោះ អំពីភាពចាំបាច់ក្នុងការយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយ ពីអ៊ីរ៉ង់ លោក Trump បានប្រាប់ថា ដំណើរការនេះមិនមានភាពចាំបាច់នោះទេ លើកលែងតែពាក់ព័ន្ធនឹងគោលបំណងទំនាក់ទំនងសាធារណៈ។
លោក Trump បានប្រាប់នៅក្នុងបទសម្ភាសន៍នោះថា៖ «ខ្ញុំមិនគិតថា វាមានភាពចាំបាច់នោះទេ លើកលែងតែពាក់ព័ន្ធនឹងជំហរទំនាក់ទំនងសាធារណៈ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ធូរស្រាលជាង ប្រសិនបើខ្ញុំទទួលបានវា។ ប៉ុន្តែខ្ញុំគិតថា វាគឺសម្រាប់ទំនាក់ទំនងសាធារណៈច្រើនជាងអ្វីផ្សេងទៀត»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩ នៅលើពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថា មានអាវុធនុយក្លេអ៊ែរ ទទូចថា អ៊ីរ៉ង់គួរតែប្តូរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយរបស់ខ្លួនទៅក្រៅប្រទេស និងបោះបង់ចោលការចម្រាញ់ក្នុងស្រុក។ ទីក្រុងតេអេរ៉ង់ ដែលមិនមានអាវុធនុយក្លេអ៊ែរ បានបដិសេធមិនបានស្វែងអាវុធទាំងនោះឡើយ ប៉ុន្តែបញ្ជាក់ថា ខ្លួនមានសិទ្ធិអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងការចម្រាញ់ផងដែរ ក្នុងនាមជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (Nuclear Non-Proliferation Treaty)៕
