មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) ថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu អាចនឹងចាត់វិធានការយោធា «សម្រាប់គោលបំណងបោះឆ្នោត» ចំពេលមានរបាយការណ៍អំពីលទ្ធភាពដែលអាចមានការរំលាយសភា Knesset។

នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់កន្លែងតាំងទីលំនៅតំបន់ Be'eri ជិតតំបន់ហ្កាហ្សា លោក Lieberman ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា លោកមិនប្រឆាំងនឹងការចាត់វិធានការយោធាណាមួយឡើយ «ប្រសិនបើចាំបាច់»។ តែលោកបានព្រមានថា លោក Netanyahu «អាចនឹងចាត់វិធានការយោធា មិនមែនតែដើម្បីសម្រេចបាននូវជ័យជម្នះនោះទេ ប៉ុន្តែសម្រាប់គោលបំណងបោះឆ្នោតតែម៉្យាងប៉ុណ្ណោះ»។
ការព្រមានរបស់លោកបានកើតឡើង បន្ទាប់ពីមានការគំរាមកំហែងម្តងហើយម្តងទៀតដោយលោក Netanyahu «ក្នុងការផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ា» និងដើម្បីធ្វើឲ្យអ៊ីស្រាអែលក្លាយជា «មហាអំណាច» ក្នុងតំបន់។
គួរបញ្ជាក់ថា ក្រុមចម្រុះកំពុងកាន់អំណាចរបស់អ៊ីស្រាអែល បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយកាលពីល្ងាចថ្ងៃពុធ ដើម្បីរំលាយសភា Knesset ស្របពេលមានវិបត្តិការកេណ្ឌទាហាន ជាចំណាត់ការមួយដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរារាំងជំហានស្រដៀងគ្នានេះពីគណបក្សប្រឆាំង។ ការបោះឆ្នោតសកល ត្រូវបានគ្រោងនឹងធ្វើឡើងនៅខែតុលា៕
