ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការនយោបាយ ឱ្យបន្តរក្សាសុខសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យ។
ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព។ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន រំលឹកអតីតកាលសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន។ សម្តេចមិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះឡើយ៕