រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រហ័រមូស សម្រាប់នាវាពាណិជ្ជកម្មទាំងអស់នៅពេលដែលសង្គ្រាមជាមួយសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់។
លោកបានថ្លែងនៅក្នុងសេចក្តីអធិប្បាយមួយទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌា Doordarshan ថា៖«ដំណោះស្រាយតែមួយគត់ចំពោះបញ្ហានៃការឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺការបញ្ឈប់ទាំងស្រុងនូវសង្គ្រាមឈ្លានពានដែលធ្វើឡើងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីនោះ យើងនឹងធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវានីមួយៗ»។
នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍ឥ ស្លាម បានប្រកាសពីប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ និងបានចាប់ផ្តើមការវាយប្រហារលើអ៊ីស្រាអែល។
ទីតាំងយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវបានកំណត់គោលដៅផងដែរ។
ក្រោយមក អាជ្ញាធរអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូសចំពោះនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ៕

