ដោយសារផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា លើការផ្គត់ផ្គង់ថាមពល ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រកាសពីការដំឡើងថ្លៃប្រេងឥន្ធនៈជាលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយ All India Radio នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា តម្លៃប្រេងសាំងត្រូវបានដំឡើងថ្លៃ ៣រូពី (៣សេន) ដែលនាំឲ្យតម្លៃឡើងដល់ ៩៧,៧៧រូពី (១,២ដុល្លារ) ក្នុង ១លីត្រ ហើយប្រេងម៉ាស៊ូតឡើង ៩០,៦៧រូបី (០,៩៥ដុល្លារ) ក្នុង ១លីត្រ នៅទីក្រុងញូវដេលី។
ការឡើងថ្លៃនេះ ដែលបន្ទាប់ពីមិនមានការដំឡើងថ្លៃចាប់តាំងពីខែមេសា ឆ្នាំ២០២២ មក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌាមួយរូប បាននិយាយថា ក្រុមហ៊ុនប្រេងឥណ្ឌា កំពុងប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែផលរំខានភ្លាមៗលើថាមពល នៅតំបន់មជ្ឈិមបូព៌ា។
មន្ត្រីជាច្រើនបានលើកឡើងថា ក្រុមហ៊ុនទីផ្សារប្រេងរបស់ឥណ្ឌា បានរងការខាតបង់ជិត ១០ពាន់លានរូពី (១០៤,៥លានដុល្លារ) ក្នុង ១ថ្ងៃ ដូច្នេះ «បន្ទុកតម្លៃសកលដ៏ខ្ពស់ មិនត្រូវបានទម្លាក់ទៅលើពលរដ្ឋឥណ្ឌាឡើយ»។
ឥណ្ឌាទិញស្ទើរតែ ៥០ភាគរយនៃការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ពីតំបន់មជ្ឈិមបូព៌ា ដែលមានតម្លៃ ១៨០ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ កាលពីខែមុន ឥណ្ឌាបានប្រកាសថា ខ្លួនបានចាប់ផ្ដើមទិញប្រេងពីអ៊ីរ៉ង់ឡើងវិញជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ដោយសារជម្លោះកំពុងបន្តមាននៅតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

