ទោះបីជាមានការចរចាសន្តិភាពក៏ដោយ ជម្លោះដែលអូសបន្លាយនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឈានដល់ដំណាក់កាលថ្មីដ៏គ្រោះថ្នាក់មួយ ដោយជនស៊ីវិលឥឡូវនេះត្រូវបានវាយប្រហារពីលើអាកាសដោយយានដ្រូនឆ្ងាយពីខ្សែត្រៀមជួរមុខ។

តំបន់នេះ ត្រូវបានញាំញីដោយអំពើហិង្សាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ប៉ុន្តែការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅដើមឆ្នាំ ២០២៥ នៅពេលដែលក្រុមយុទ្ធជន M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បាន ដណ្តើមយកទីក្រុងសំខាន់ៗ ដូចជា Goma និង Bukavu ដោយវាយប្រហាររុញច្រានកងកម្លាំងកុងហ្គោ។
កាលពីសប្តាហ៍មុន ការវាយប្រហារដោយដ្រូន បានបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ២៥នាក់ រងរបួស នៅក្នុងតំបន់ Mushaki ជាតំបន់កសិកម្មមួយដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីទីក្រុង Goma ដែលឥឡូវនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23។ នេះបើយោងតាមប្រភពមនុស្សធម៌។
អ្នករងរបួស ដែលរួមមានក្មេងស្រីអាយុពីរឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ndosho ក្នុងទីក្រុងនេះ ដោយមានការគាំទ្រពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ៕
