វិមានក្រឹមឡាំងនិយាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Vladimir Putin សង្ឃឹមថា នឹងពិភាក្សាពីដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទៅកាន់ចិនជាមួយលោកប្រធានាធិបតី Xi Jinping អំឡុងដំណើរទស្សនកិច្ចផ្ទាល់ខ្លួនរបស់មេដឹកនាំរុស្ស៊ីម្នាក់ ទៅកាន់ទីនោះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា រឿងរ៉ាវលម្អតិនៃដំណើរទស្សនកិច្ចផ្ទាល់ខ្លួនរបស់លោក Putin ទៅកាន់ចិន ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ត្រូវបានឯកភាពរួចហើយៗកាលបរិច្ឆេតពិតប្រាកដ នឹងត្រូវប្រកាសឲ្យដឹងក្នុងពេលឆាប់ៗនេះ ។

លោក Peskov និយាយថា លោក Putin និងលោក Xi នឹងផ្តោតសំខាន់លើទំនាក់ទំនងទ្វេភាគី ស្របពេលមានទំហំពាណិជ្ជកម្មរឹងមាំដូចថ្ម ប៉ុន្តែមេដឹកនាំទាំង ២ នឹងពិភាក្សាផងដែរលើបញ្ហាអន្តរជាតិ ។
គួរឲ្យដឹងថា លោក Putin បាននិយាយកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ថា លោកមានការដឹងគុណជាខ្លាំងចំពោះលោកប្រធានាធិបតីចិន Xi Jinping ដែលជាមិត្តសម្លាញ់របស់លោក សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅដែលលោកទទួលបាន អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ដោយរូបលោកកត់សំគាល់ឃើញថា ការទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ឆ្លុះបញ្ចាំងពីធម្មជាតិយុទ្ធសាស្រ្តនៃទំនាក់ទំនងរុស្ស៊ី-ចិន ដែលស្ថិតក្នុងកម្រិតខ្ពស់ពុំធ្លាប់ដែលមានពីមុនមក ៕
