យោងតាមការអះអាងរបស់ជនប៉ាឡេស្ទីនបានឲ្យដឹងថា អ្នកតាំងនិគមន៍អ៊ីស្រាអែល បានដុតកម្ទេចចោលរថយន្តជាច្រើនគ្រឿង និងបំផ្លិចបំផ្លាញផ្នែកខាងក្នុងរបស់ព្រះវិហារនៅភូមិ Jibiya ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង នាថ្ងៃសុក្រនេះ ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញរថយន្តរងការដុតបំផ្លាញ ហើយនិងការខូចខាតផ្នែកខាងក្នុងព្រះវិហារមួយកន្លែង និងពាក្យស្លោកជាភាសាហេប្រឹ នៅលើជញ្ជាំងវិហារ ក្នុងភូមិ Jibiya ស្ថិតនៅជិតទីក្រុង Birzeit នៃតំបន់វ៉េសប៊ែង ។

យោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួន ត្រូវបានដាក់ពង្រាយទៅកាន់ភូមិ Jibiya ក្រោយជនសង្ស័យជាច្រើននាក់ នាំគ្នាដុតបំផ្លាញរថយន្ត និងព្រះវិហារ នៅទីនោះ ។
ពួកគេនិយាយថា ទាហានរុករកនៅទីនោះ ប៉ុន្តែពុំបានរកឃើញជនសង្ស័យណាម្នាក់នោះទេ ។ យោធាបន្តថា ឧបទ្ទេវហេតុនេះ នឹងត្រូវស៊ើបអង្កេតដោយនគរបាលអ៊ីស្រាអែល ហើយពួកគេបានធ្វើការថ្កោលទោសចំពោះឧបទ្ទេវហេតុបែបនេះ រួមទាំងការបំផ្លិចបំផ្លាញវិហារសាសនាផងដែរ ។
តំបន់វ៉េសប៊ែង ស្ថិតក្នុងចំណោមដែនដីដែលជនប៉ាឡេស្ទីន ស្វែងរករដ្ឋឯករាជ្យរបស់ខ្លួននាពេលអនាគត ប៉ុន្តែតំបន់មួយនេះ តែងតែងរងការវាយប្រហារឥតឈប់ឈរដោយក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល និងការវាយឆ្មក់របស់ទាហានអ៊ីស្រាអែល ៕
