ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសកោតស្ញប់ស្ញែងស្នាដៃកូនខ្មែរ ក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ ដែលដាក់តាំងនៅរង្វង់មូលចំណុចប្រសព្វមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ខេត្តព្រះសីហនុ។
ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែងចំពោះស្នាដៃកូនខ្មែរ ដែលបានកសាងនូវរូបសំណាកព្រះថោង-នាងនាគ ក៏ដូចជាសមិទ្ធិផលនានា ដែលបានកសាងឡើងនៅក្នុងទឹកដីខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានយកឱកាសកោតសរសើរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងក្រុមការងារ ជាពិសេសបានកោតសរសើរយ៉ាងស្ញប់ស្ងែងដល់វិស្វករ និងអ្នកបច្ចេកទេស ដែលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅខេត្តព្រះសីហនុនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រះបរមរូប ថោង-នាងនាគ ពិតមែនតែប្រវត្តិសាស្ត្របានបកស្រាយពីនេះ ពីនោះ ប៉ុន្តែយ៉ាងហោចណាស់អ្វីដែលបានកើតឡើងនៅក្នុងអតីតកាលទាំងក្នុងពេលនេះ និងទៅអនាគតកាល គឺបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយនឹងអាពាហ៍ ពិពាហ៍របស់ខ្មែរយើង៕






