ឧស្សាហកម្មគីមីអឺរ៉ុប កំពុងប្រឈមនឹងវិបត្តិមួយ ក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដែលបានធ្វើឲ្យតម្លៃថាមពលកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមកាសែត Financial Times (FT)។
យោងតាមសារព័ត៌មាននេះ តម្លៃថាមពលខ្ពស់ និងតម្រូវការខ្សោយ បាននាំឲ្យមានការបិទរោងចក្រពីរនៅក្នុងចង្កោមគីមីនៃទីក្រុងកំពង់ផែ Rotterdam ដែលជាកំពង់ផែមួយក្នុងចំណោមកំពង់ផែធំជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាជម្លោះជុំវិញអ៊ីរ៉ង់ បានបន្ធូរបន្ថយសម្ពាធជាបណ្តោះអាសន្នពីក្រុមហ៊ុនផលិតចិនដែលពឹងផ្អែកលើវត្ថុធាតុដើមពីឈូងសមុទ្រពែក្សក៏ដោយ FT បានកត់សម្គាល់ថា វិបត្តិនេះ បានបណ្តាលឲ្យមានការកើនឡើងថ្មីនូវតម្លៃថាមពល និងវត្ថុធាតុដើមគីមីឥន្ធនៈ រួមទាំងប្រេងឆៅផងដែរ។
លោក Peter Huntsman នាយកប្រតិបត្តិនៃក្រុមហ៊ុន Huntsman Corporation ដែលដំណើរការទីតាំងនានានៅទូទាំងអឺរ៉ុប រួមទាំងទីក្រុងកំពង់ផែ Rotterdam បានប្រាប់កាសែតនេះថា ការវិវត្តនៅមជ្ឈិមបូព៌ា កំពុង «ជំរុញឲ្យថ្លៃដើមថាមពលកាន់តែខ្ពស់ ដែលបញ្ជាក់ពីរបៀបដែលចក្រភពអង់គ្លេស និងអឺរ៉ុប នៅតែប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ»។ យោងតាមការចុះផ្សាយនេះ អ្នកវិភាគប៉ាន់ប្រមាណថា ទោះបីជាវិបត្តិបច្ចុប្បន្នផ្តល់ការធូរស្បើយជាបណ្ដោះអាសន្នដល់ក្រុមហ៊ុនផលិតអឺរ៉ុបមួយចំនួនក៏ដោយ ការដោះស្រាយជម្លោះ អាចធ្វើឲ្យបញ្ហារបស់ឧស្សាហកម្មកាន់តែធ្ងន់ធ្ងរឡើងម្តងទៀត៕