យោងតាមការអះអាងរបស់ក្រុមមន្រ្តីក្នុងស្រុក បានឲ្យដឹងថា យានដ្រូនអ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅទីក្រុងភាគកណ្តាល Ryazan បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ ។
រូបភាពវីដេអូឃ្លីបរបស់សារព័ត៌មានក្នុងស្រុក ឃើញសំណុំផ្សែងពណ៌ខ្មៅដ៏ធំផុសលើអាកាស ហើយអគ្គិភ័យកំពុងឆាបឆេះ ត្រូវបានមើលឃើញពីចម្ងាយ ។
អភិបាលក្នុងតំបន់លោក Pavel Malkov និយាយនៅព្រឹកថ្ងៃសុក្រនេះថា ការវាយប្រហារយានដ្រូនអ៊ុយក្រែន បានសម្លាប់មនុស្ស ៣នាក់ នៅក្នុងទីក្រុងភាគកណ្តាល Ryazan របស់រុស្ស៊ី ធ្វើឲ្យខូចខាតអគារផ្ទះល្វែងខ្ពស់ៗជាច្រើនខ្នង ហើយនិងធ្វើឲ្យប៉ះពាល់ដល់សហគ្រាសឧស្សាហកម្ម ។
ទីក្រុង Ryazan ស្ថិតនៅចម្ងាយប្រហែល ២០០គ.មភាគអាគ្នេយ៍ទីក្រុងមូស្គូ ។ លោក Robert Brovdi គឺជាមេបញ្ជាការកងទ័ពអ៊ុយក្រែននិយាយថា ទាហានបានវាយប្រហារគោលដៅយោធា និងទីតាំងប្រេង ២៣កន្លែង នៅក្នុងប្រទេសរុស្ស៊ី ហើយនិងដែនដីអ៊ុយក្រែនត្រូវបានកាន់កាប់ដោយរុស្ស៊ី កាលពីយប់កន្លងទៅ ៕