មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះថា អាជ្ញាធរសុខាភិបាលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបញ្ជាក់អះអាងពីការផ្ទុះឡើងនូវជំងឺអេបូឡាថ្មី។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គិតត្រឹមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ មានករណីសង្ស័យប្រហែល ២៤៦ករណី និងការស្លាប់ចំនួន ៦៥ករណី ត្រូវបានរាយការណ៍ ដែលភាគច្រើននៅក្នុងតំបន់សុខភាព Mongwalu និង Rwampara។ ការស្លាប់ ៤ករណី ត្រូវបានរាយការណ៍ ក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍»។
ស្ថាប័ននេះបានបន្ថែមថា ករណីសង្ស័យក៏ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីនៃខេត្ត Ituri គឺ Bunia ផងដែរ។ ទីភ្នាក់ងារសុខាភិបាលបានបញ្ជាក់ថា ខ្លួនមានក្ដីបារម្ភអំពីហានិភ័យនៃការរីករាលដាលបន្ថែមទៀតដោយសារតែការធ្វើដំណើរប្រជាជន ភាពអសន្តិសុខនៅក្នុងតំបន់ដែលរងផលប៉ះពាល់ គម្លាតក្នុងការតាមដានទំនាក់ទំនង ក៏ដូចជាការនៅជិតតំបន់ដែលរងផលប៉ះពាល់ នៅអ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូង។
ស្ថាប័នសុខាភិបាលបានជំរុញឲ្យសហគមន៍អនុវត្តតាមគោលការណ៍ណែនាំសុខភាព រាយការណ៍ពីរោគសញ្ញាឲ្យបានឆាប់រហ័ស ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយករណីសង្ស័យ និងជួយគាំទ្រក្រុមឆ្លើយតបដែលធ្វើការ ដើម្បីការពារសហគមន៍។
កិច្ចប្រជុំសម្របសម្រួលកម្រិតខ្ពស់ជាបន្ទាន់មួយ ត្រូវបានគ្រោងទុកធ្វើឡើងនៅថ្ងៃសុក្រនេះ ជាមួយអាជ្ញាធរសុខាភិបាលមកពីប្រទេសកុងហ្គោ អ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូង រួមជាមួយដៃគូសំខាន់ៗ ក្នុងនោះរួមមានទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕