នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរទៅកាន់ទីតាំងដែលរងការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងគីវ ជាទីដែលមនុស្ស ២៤នាក់ ត្រូវបានសម្លាប់ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញលោក Zelenskiy នៅទីតាំងកើតហេតុជាមួយលោកស្រីនាយករដ្ឋមន្រ្តី Yuliia Svyrydenko និងលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Ihor Klymenko ពេលដែលពួកគេកំពុងនិយាយជាមួយក្រុមជួយសង្រ្គោះ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននិយាយនៅថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងគីវ បានកើនឡើងដល់ ២៤នាក់ រួមទាំងកុមារ ៣នាក់ផងដែរ ស្របពេលដែលក្រុមជួយសង្រ្គោះបញ្ចប់ប្រតិបត្តិការរុករករបស់ពួកគេដែលបានចំណាយពេលជាង ២៨ម៉ោង ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែនបន្តថា មនុស្ស ៤៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងរដ្ឋធានីគីវ រួមទាំងកុមារ ២នាក់ ហើយមនុស្ស ៣០នាក់ទៀត ត្រូវបានទាញចេញពីគំនរបាក់បែកអគារ ៕