ប្រធានទីភ្នាក់ងារចារកម្មកណ្តាលសហរដ្ឋអាមេរិក(CIA) លោក John Ratcliffe បានធ្វើដំណើរទៅកាន់ទីក្រងឡាហាវ៉ាន់ ប្រទេសគុយបា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីនាំសារដោយផ្ទាល់ពីលោកប្រធានាធិបតី Donald Trump ។
ក្រុមមន្រ្តី CIA និយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ឱកាសឲ្យគុយបាចូលរួមពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ប៉ុន្តែក្នុងករណីដែលទីក្រុងឡាហាវ៉ាន ធ្វើការផ្លាស់ប្តូរជាមូលដ្ឋាន ។ ពួកគេពុំបានបរិយាយលម្អិតពីការផ្លាស់ប្តូរជាក់លាក់ដែលទីក្រុងវ៉ាស៊ីនតោនចង់បាននោះទេ ។
ទូរទស្សន៍រដ្ឋគុយបា រាយការណ៍ថា ជំនួបមួយនេះ បានពិភាក្សាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីធ្វើឲ្យល្អប្រសើរឡើងសន្តិសុខជាតិរវាងភាគីទាំង ២ ។
ដំណើរទស្សនកិច្ចរបស់លោក Ratcliffe នេះដែរ ទំនងជាដំណើរទស្សនកិច្ចលើកទី ២ ដោយប្រធាន CIA ទៅកាន់ប្រទេសគុយបា ចាប់តាំងពីបដិវត្តន៍កុម្មុយនិស្តគុយបា កាលពីឆ្នាំ ១៩៥៩ ។ វាគឺជាការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ដ៏កម្រមួយផងដែររវាងប្រទេសទាំង ២ ។
ដំណើរទស្សនកិច្ចនេះដែរ បានកើតមានឡើង ស្របពេលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡាហាវ៉ាន់ កើនឡើងខ្ពស់ ។
លោក Trump បានបង្កើនសម្ពាធលើគុយបា បិទការនាំចូលប្រេងទៅកាន់ប្រទេសមួយនេះ ហើយនិងគំរាមដាក់ទណ្ឌកម្មប្រទេសដែលហ៊ានផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសកោះមួយនេះ ៕