ក្រុមមន្រ្តីក្នុងស្រុកនិយាយថា មនុស្សម្នាក់ស្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស ក្រោយហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្មីរបស់ក្រុមហ៊ុន Eastern Coalfields Ltd (ECL)នៅទីក្រុង Asansol ស្ថិតក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌា ។
មន្រ្តីមួយរូបរបស់ក្រុមហ៊ុន ECL និយាយថា កម្មករប្រហែល ១២០នាក់ បាននៅក្នុងអណ្តូងរ៉ែក្រោមដីនោះ ពេលដែលការផ្ទុះបានកើតឡើង ហើយប្រតិបត្តិការក្នុងអណ្តូងរ៉ែ ពុំបានរង់ផលប៉ះពាល់នោះទេ ។
លោកបន្តថា មាននូវការផ្ទុះក្នុងខ្យល់ ហើយសេចក្តីរាយការណ៍បឋមបង្ហាញថា ការផ្ទុះនេះ កើតឡើងក្នុងរណ្តៅរក្សាទុកអ៊ីវ៉ាន់ ។
ដោយឡែក កាសែត Economic Times រាយការណ៍មុននេះថា កម្មករអណ្តូងរ៉ែយ៉ាងហោច ៤០នាក់ បានរងរបួស នៅក្នុងឧបទ្ទេវហេតុផ្ទុះនេះ ។
បច្ចុប្បន្ន ក្រុមអាជ្ញាធរកំពុងបើកការស៊ើបអង្កេតចំពោះមូលហេតុដែលនាំឲ្យមានការណ៍ផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្មបែបនេះ ៕