រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះថា លោកបានទទួលសារពីសហរដ្ឋអាមេរិក ដែលបញ្ជាក់ថា សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា ហើយលោកបើកចំហ ចំពោះការគាំទ្រណាមួយ ក្នុងនោះរួមទាំងពីប្រទេសចិនផងដែរ។
លោក Araghchi បានប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាថា៖ «យើងបានទទួលសារម្តងទៀតពីសហរដ្ឋអាមេរិក ដែលបានប្រាប់ថា ពួកគេមានឆន្ទៈបន្តការចរចា និងបន្តអន្តរកម្ម»។
ការលើកឡើងរបស់លោក Araghchi នេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក Xi Jinping បានស្នើផ្តល់ជំនួយបីប្រទេសចិន ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយមេដឹកនាំចិនក៏បានសន្យាថា នឹងមិនបញ្ជូនគ្រឿងយុទ្ធោបករណ៍ ដើម្បីជួយអ៊ីរ៉ង់ក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឡើយ។
បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរបស់ប្រទេសប្លុក BRICS នៅទីក្រុងញូវដេលី លោក Araghchi បាននិយាយថា៖ «យើងកោតសរសើរ ចំពោះប្រទេសណាមួយដែលមានសមត្ថភាពជួយ ជាពិសេសប្រទេសចិន»។ លោកបានបន្ថែមថា៖ «យើងមានទំនាក់ទំនងល្អណាស់ជាមួយប្រទេសចិន យើងគឺជាដៃគូយុទ្ធសាស្ត្រ ចំពោះគ្នាទៅវិញទៅមក ហើយយើងដឹងថា (ចិន) មានចេតនាល្អ ដូច្នេះអ្វីដែលអាចធ្វើបានដោយពួកគេ ដើម្បីជួយដល់ដំណើរការការទូត នឹងត្រូវបានស្វាគមន៍ដោយសាធារណរដ្ឋឥស្លាម»។
ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានខិតខំជួយបញ្ចប់ជម្លោះ ចាប់តាំងពីវាបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ក្រសួងការបរទេសចិនបានប្រាប់សារព័ត៌មាន AFP ថា៖ «វាគ្មានចំណុចណាក្នុងការបន្តជម្លោះនេះទេ ជាអ្វីដែលមិនគួរកើតឡើងតាំងពីដំបូង»៕