កោះកុង ៖ អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាលដោយតម្រូវឱ្យឈ្នួញដីដ៏ល្បីឈ្មោះម្នាក់ ជីកកាយអាចម៍ដី ចេញពីចំណីព្រែក និងព្រៃកោងកាងធម្មជាតិជាបន្ទាន់ ក្រោយពីមានការរំលោភបំពានគ្មានញញើត នឹងច្បាប់ ក្រោមរូបភាពឃុបឃិត គ្នាជាប្រព័ន្ធនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹង កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ២០២១ថា ឈ្នួញដែលហ៊ានលួចចាក់អាចម៍ដី ចូលដៃព្រែក និងព្រៃកោងកាង ក្នុងតំបន់ប្រើប្រាស់ ទំហំផ្ទៃដីសរុបជាង៣.៣០២ម៉ែត្រការ៉េ នៅភូមិទួលគគីរក្រោម នោះគឺឈ្មោះ លាង ហ៊ីម ហៅម៉ា Gold ដែលត្រូវបានគេស្គាល់ថា ជាឈ្នួញទិញលក់ដីដ៏ល្បីម្នាក់នៅក្នុងខេត្ត។
ក្រោយទទួលបានកំណត់ហេតុពិនិត្យវាស់វែងវាយតម្លៃពីផលប៉ះពាល់ទីតាំងដីខាងលើពីរដ្ឋបាលស្រុក និងការិយាល័យជំនាញ លោកអភិបាលរងខេត្តរូបនេះ ក៏បានតម្រូវឱ្យឈ្នួញទិញលក់ដីដែលល្មើសច្បាប់ ការពារធម្មជាតិ ជីកកាយអាចម៍ដី ដែលខ្លួនរំលោភបំពានចេញជាបន្ទាន់ និងស្តារព្រៃកោងកាងឡើងវិញ។
លោក សុខ សុទ្ធី អះអាងថា លោកស្រី លាង ហ៊ីម ទិញដីចំនួន១២ហិចតាពីពលរដ្ឋក្នុងតំបន់សហគមន៍ ដោយមិនស្គាល់ឈ្មោះពិតប្រាកដ និងគ្មានលិខិតស្នាមសម្គាល់ណាមួយអាជ្ញាធរមូលដ្ឋាននោះទេ ហើយបន្តចាក់ដីហៀចូលមាត់ព្រែករួមទាំងលុបព្រៃកោងកាង ទម្រង់លក្ខណៈហ៊ុំព័ទ្ធធ្វើជាដីឡូតិ៍ ក្នុងបំណងចង់ធ្វើ រីសត។ ក្រៅពីប្រើវិធានការរដ្ឋបាល ចំពោះនីតិវិធីច្បាប់ អាជ្ញាធរខេត្តប្រគល់ភារកិច្ចទៅតុលាការ ក្នុងគោលបំណងដាក់ទោសទណ្ឌលើបុគ្គលប្រព្រឹត្តបទល្មើសលើតំបន់ការពារធម្មជាតិ។
បើតាមអាជ្ញាធរខេត្ត មួយខាងផ្នែកនៃដីតំបន់នោះ ធ្លាប់បានស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀលចេញពីអនុក្រឹត្យលេខ១៧៩រួចហើយ តែទោះយ៉ាងណា អាជ្ញាធរពុំបានបង្ហាញអនុក្រឹត្យជាសាធារណៈឡើយ។
ទាក់ទិនបញ្ហានេះដែរ លោក អៀង ច័ន្ទភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ថ្លែងថា ក្នុងនាមដើមបណ្តឹងដោយរដ្ឋ លោកកំពុងចាត់ការស៊ើបអង្កេតលម្អិត និងប្រមូលព័ត៌មានបានមួយចំនួនធំរួចរាល់ហើយលើករណីនេះ មុននឹងបន្តនីតិវិធីចំពោះបុគ្គល និងក្រុមអ្នកដែលពាក់ព័ន្ធល្មើសនឹងច្បាប់ការពារធម្មជាតិ។
ស្រុកមណ្ឌលសីមា តែងលេចឮនូវព័ត៌មានបទល្មើសធនធានធម្មជាតិជាហូរហែ ព្រោះតែហាងឆេងដីត្រូវប៉ាន់ទិញលក់បានថ្លៃ ដែលជាហេតុធ្វើឱ្យឈ្នួញខិលខូចអាងទឹកលុយហ៊ានឃុបឃិតជាមួយអាជ្ញាធររំលោភបំពានយ៉ាងអនាធិបតេយ្យ។
ក្រុមប្រជានេសាទនៅក្នុងសហគមន៍ភូមិទួលគគីរក្រោម ដែលសុំលាក់អត្តសញ្ញាណ បានឱ្យដឹងថា សកម្មភាពចាក់ដីលុបព្រៃកោងកាង និងចូលមាត់ព្រែកនេះ ពលរដ្ឋតូចតាចមិនអាចធ្វើទៅបានទេពោលគឺមានតែអ្នកមានអំណាចដែលឃុបឃិត ជាមួយអាជ្ញាធរប៉ុណ្ណោះ ទើបធ្វើទៅបានដោយរលូនយ៉ាងដូច្នេះមិនគិតពីប្រយោជន៍រួម។ ពលរដ្ឋ សង្កត់ធ្ងន់ ទៀតថា តើឱ្យពួកគាត់ទៅរកក្តាម ខ្យង និងត្រីឯណា បើធនធម្មជាតិជីវចម្រុះរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ខណៈកូវីដ រីករាលដាល រឹតតែមិនរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ពលរដ្ឋ ស្នើឱ្យវិធានការប្រញាប់រកមុខអ្នកដែលបំពានមកផ្តន្ទាទោសតាមច្បាប់ ជៀសវាងបណ្តែលបណ្តោយឱ្យក្រុមឈ្នួញអាងអំណាចទឹកលុយចេះតែរំលោភបំពានតាមតែអំពើចិត្តខ្លួនចង់បាន៕
អត្ថបទ ៖ ឈឹម មករា