ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដោយទទូចឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសឱកាសបុណ្យចូលឆ្នាំ ដែលមានអ្នកធ្វើដំណើរច្រើន។
ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កូវីដ-១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់រាល់ថ្ងៃ និងមានចំនួនច្រើនថែមទៀតផង។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២បានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងចំនួន២៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសធ្ងន់- ស្រាលចំនួន ៣៤នាក់ ក្នុងនោះរបួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ៕

