ទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិ(UN) បាននិយាយនៅថ្ងៃសុក្រនេះថា តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសសូម៉ាលី អាចនឹងធ្លាក់ក្នុងគ្រោះទុរ្ភិក្ស បើសិនជាជំនួយមនុស្សធម៌ ពុំបង្កើនឲ្យបានឆាប់រហ័សទេនោះ ។
ការព្រមានបែបនេះ បានបន្ទរការរកឃើញកាលពីថ្ងៃព្រហស្បតិ៍ពីក្រុមអ្នកតាមដានសន្តិសុខស្បៀងសកលដែលបានឆ្លុះបញ្ចាំងថា ភាពអត់ឃ្លានបានឈានដល់កម្រិតមួយដែលពុំធ្លាប់ដែលមើលឃើញនោះទេនៅប្រទេសសូម៉ាលី ចាប់តំាងពីឆ្នាំ ២០២២ ។
ស្ថិតក្នុងចំណោមប្រទេសអសន្តិសុខស្បៀងបំផុតរបស់ពិភពលោក ដោយសារគ្រោះរាំងស្ងួតញឹកញាប់ ជម្លោះ និងភាពក្រីក្រ សូម៉ាលីបានជួបគ្រោះទុរ្ភិក្សចុងក្រោយកាលពីឆ្នាំ ២០១១ ពេលដែលមនុស្សប្រហែល ២៥ម៉ឺននាក់ បានស្លាប់ ហើយប្រទេសមួយនេះ ស្ទើតែជួបគ្រោះទុរ្ភិក្សម្តងទៀតនៅឆ្នាំ ២០១៧ និងឆ្នាំ ២០២២ ។
លោក Ricardo Pires គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ( UNICEF)និយាយថា ១ភាគ ៣នៃពលរដ្ឋប្រហែល ១៨លាននាក់នៅក្នុងប្រទេសសូម៉ាលី ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ចន្លោះខែមេសា និងខែមិថុនា ឆ្នាំ ២០២៦នេះ ហើយពលរដ្ឋជិត ២លាននាក់ បានស្ថិតក្នុងភាពអត់ឃ្លានក្នុងកម្រិតគ្រាអាសន្នរួចទៅហើយ ៕