អ្នកការទូតជាន់ខ្ពស់មកពីប្រទេសប្លុក BRICS ក្នុងនោះរួមមានទាំងគូអរិអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួមផងដែរ មិនបានឈានដល់ការចេញសេចក្តីថ្លែងការណ៍រួមឡើយ នៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅទីក្រុងដេលី ដោយទុកឲ្យប្រទេសឥណ្ឌាជាម្ចាស់ផ្ទះចេញតែសេចក្តីថ្លែងការណ៍របស់ប្រធានប៉ុណ្ណោះ ដោយនេះបង្ហាញពីភាពមិនចុះសម្រុងគ្នារបស់សមាជិក។
ទីក្រុងតេអេរ៉ង់ចង់ឲ្យក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនទាំងនេះ ថ្កោលទោសសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ហើយបានចោទប្រកាន់សម្ព័ន្ធមិត្តអាមេរិក គឺអារ៉ាប់រួម ថា បានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងខ្លួន។ អ៊ីរ៉ង់បានវាយប្រហារអារ៉ាប់រួម ដោយមីស៊ីល និងយានដ្រូនជាច្រើនដង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ឥណ្ឌាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ និងឯកសារលទ្ធផលប្រជុំថា៖ «មានទស្សនៈមិនត្រូវគ្នានៅក្នុងចំណោមសមាជិកមួយចំនួន ទាក់ទងនឹងស្ថានភាពនៅក្នុងតំបន់អាស៊ីខាងលិច/មជ្ឈិមបូព៌ា»។
ដោយមិនបញ្ចេញឈ្មោះអារ៉ាប់រួម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់សន្និសីទសារព័ត៌មានថា សមាជិកមួយរបស់ BRICS បានរារាំងផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍នេះ។ ក្រសួងការបរទេសរបស់អារ៉ាប់រួម មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
សេចក្តីថ្លែងការណ៍របស់ប្រទេសម្ចាស់ផ្ទះឥណ្ឌា បានរៀបរាប់ថា សមាជិកនៃក្រុមនេះ បានបង្ហាញពីជំហរជាតិរៀងៗខ្លួន និងចែករំលែកទស្សនៈជាច្រើន។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា ទាំងនេះមានចាប់ពីតម្រូវការឲ្យមានដំណោះស្រាយវិបត្តិដំបូង និងតម្លៃនៃការសន្ទនា និងការទូត រហូតដល់ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី។
សេចក្ដីថ្លែងការណ៍ក៏បានបន្ថែមផងដែរថា ការគិតគូរផងដែរនៅក្នុងកិច្ចពិភាក្សា គឺជាសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ធានាពាណិជ្ជកម្មតាមសមុទ្រប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គតាមរយៈផ្លូវទឹកអន្តរជាតិ និងការពារហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតរបស់ជនស៊ីវិល៕