ស្របពេលដែលចរចាស្តីពីការបញ្ចប់សង្គ្រាមបន្តផ្អាក រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និយាយនៅថ្ងៃសុក្រនេះថា ទីក្រុងតេអេរ៉ង់គ្មានទំនុកចិត្តលើសហរដ្ឋអាមេរិកនោះទេ ហើយពួកគេចាប់អារម្មណ៍ចរចាជាមួយទីក្រុងវ៉ាស៊ីនតោន លុះត្រាតែវាជាបញ្ហាធ្ងន់ធ្ងរ ។
លោក Araghchi និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងញូវដែលី អំឡុងដំណើរទស្សនកិច្ចទៅចូលរួមជំនួបរដ្ឋមន្រ្តីការបរទេសក្រុមប្រទេស BRICS ថា នាវាទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បាន លើកលែងតែនាវាដែលមានសង្រ្គាមជាមួយទីក្រុងតេអេរ៉ង់ប៉ុណ្ណោះ ។
លោកបញ្ជាក់ថា នាវាដែលចង់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ ត្រូវតែសម្របសម្រួលជាកងទ័ពជើងទឹករបស់ពួកគេ ។
លោកនិយាយទៀតថា លោកបានទទួលសារពីសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា ហើយលោកបើកចំហ ចំពោះការគាំទ្រណាមួយ ក្នុងនោះរួមទាំងពីប្រទេសចិនផងដែរ ។
លោក Araghchi បន្តថា ពួកយើងបានទទួលសារម្តងទៀតពីសហរដ្ឋអាមេរិក ដែលបានបញ្ជាក់ប្រាប់ថា ពួកគេមានឆន្ទៈបន្តការចរចា និងបន្តអន្តរកម្ម ។
ការលើកឡើងរបស់លោក Araghchi បានកើតមានឡើង ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trumpនិយាយថា លោក Xi Jinping បានស្នើផ្តល់ជំនួយពីប្រទេសចិន ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយមេដឹកនាំចិនក៏បានសន្យាថា ទីក្រុងប៉េកាំងនឹងមិនបញ្ជូនគ្រឿងយុទ្ធោបករណ៍ ដើម្បីជួយអ៊ីរ៉ង់ ក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះឡើយ ៕