ទីភ្នាក់ងារសុខភាពសាធារណៈរបស់ទ្វីបអាហ្វ្រិក បាននិយាយកាលពីថ្ងៃសុក្រ ទី ១៥ ខែឧសភា ថា មានការផ្ទុះឡើងជំងឺអេបូឡាដែលត្រូវបានបញ្ជាក់នៅក្នុងខេត្ត Ituri សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានអ្នកស្លាប់ចំនួន៦៥នាក់ក្នុងចំណោមករណីសង្ស័យ ២៤៦ ករណី រហូតមកដល់ពេលនេះ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលកំពុងកោះប្រជុំបន្ទាន់ជាមួយប្រទេសកុងហ្គោ អ៊ុយហ្គង់ដា ស៊ូដង់ខាងត្បូង និងដៃគូសកល ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងតាមដាន ការត្រៀមលក្ខណៈ និងការឆ្លើយតប ឆ្លងកាត់ព្រំដែន។
ទីភ្នាក់ងារនេះបាននិយាយថា អ្នកស្លាប់ និងករណីសង្ស័យ ត្រូវបានរាយការណ៍ជាចម្បងនៅក្នុងតំបន់សុខភាព Mongwalu និងតំបន់ Rwampara ខណៈអ្នកស្លាប់៤នាក់ ត្រូវបានរាយការណ៍ក្នុងចំណោមករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍។ លោក Jean-Jacques Muyembe អ្នកជំនាញខាងវីរុសជនជាតិកុងហ្គោ ដែលបានសហការរកឃើញជំងឺអេបូឡា និងជាប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវជីវវេជ្ជសាស្ត្រនៅទីក្រុង Kinshasa បានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្ទុះឡើងនៃជំងឺចំនួន១៦ករណីកាលពីពេលមុននៅប្រទេសកុងហ្គោ ដែលទាំងអស់នេះ លើកលែងតែមួយករណី ត្រូវបានបង្កឡើងដោយវីរុសហ្សែរ។ លោកបាននិយាយថា ការកំណត់អត្តសញ្ញាណនៃវីរុសបំប្លែងថ្មីផ្សេងគ្នានឹងធ្វើឱ្យស្មុគស្មាញដល់ការឆ្លើយតប ដោយសារការព្យាបាល និងវ៉ាក់សាំងដែលមានស្រាប់ ត្រូវបានផលិតឡើងប្រឆាំងតែវីរុសហ្សែរ។ ទីភ្នាក់ងារបាននិយាយបន្ថែមថា មជ្ឈមណ្ឌលត្រួតគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (CDC) មានការព្រួយបារម្ភអំពីហានិភ័យនៃការរាលដាលបន្ថែមទៀត ដោយសារតែបរិបទនៅក្រុង Bunia និងក្រុង Rwampara ព្រមទាំង ការធ្វើដំណើររបស់ប្រជាជន និងការចល័តដែលទាក់ទងនឹងការជីកយករ៉ែនៅក្នុងតំបន់ដែលរងផលប៉ះពាល់ នៅជិតប្រទេសអ៊ុយហ្គង់ដា និងស៊ូដង់ខាងត្បូង។

