មន្ត្រីអាមេរិកពីររូប បាននិយាយថា មន្ទីរបញ្ចកោណ បានលុបចោលផែនការដាក់ពង្រាយកងទ័ពចំនួន ៤.០០០នាក់មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលដែលត្រូវបានរិះគន់ដោយសមាជិក បង្កើតឱ្យមានសំណួរជាថ្មីអំពីការកាត់បន្ថយកងទ័ពដែលត្រូវបានរំពឹងទុករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅអឺរ៉ុប។
ឧត្តមសេនីយ៍ Christopher LaNeve នាយសេនាធិការស្តីទីរបស់កងទ័ព បានបញ្ជាក់ពីការសម្រេចចិត្តនេះ អំឡុងការផ្តល់សក្ខីកម្មកាលពីថ្ងៃសុក្រនៅចំពោះមុខគណៈកម្មាធិការសេវាប្រដាប់អាវុធសភា។ ប៉ុន្តែលោក មិនបានពន្យល់អ្វីច្រើននោះទេ ក្រៅពីនិយាយថា «វាសមហេតុផលបំផុតសម្រាប់កងទ័ព ដែលមិនមិនត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់នោះ»។

លោក Joe Courtney សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានប្រាប់លោក LaNeve ថា ការសម្រេចចិត្តនេះបានផ្ញើ «សារដ៏គួរឱ្យព្រួយបារម្ភ» អំពីការប្តេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះអឺរ៉ុប។ លោក Joe Courtney និយាយថា «វាពុំមែនត្រឹមតែជាគូប្រជែងរបស់យើងទេដែលកំពុងយកចិត្តទុកដាក់នោះ វាក៏មានសម្ព័ន្ធមិត្តរបស់យើងផងដែរ»។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទាហានមួយក្រុមត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ូឡូញរួចហើយ ដើម្បីត្រៀមសម្រាប់ការដាក់ពង្រាយ ហើយយុទ្ធោបករណ៍ក៏ត្រូវបានដឹកជញ្ជូនរួចហើយដែរ នៅពេលដែលបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានដាក់ចេញ។
កាលពីពីរសប្តាហ៍កន្លងទៅ មន្ទីរបញ្ចកោណបានប្រកាសថា ខ្លួនកំពុងដកកងទ័ពចំនួន ៥.០០០នាក់ចេញពីប្រទេសសម្ព័ន្ធមិត្តណាតូ គឺប្រទេសអាល្លឺម៉ង់ ដែលមួយផ្នែកដោយសារតែការប៉ះសម្តីកាន់តែរីកធំលើសង្គ្រាមនៅអ៊ីរ៉ង់រវាងលោក Trump និងអឺរ៉ុប។
