តាកែវ៖ ក្រោមការសម្របសម្រួលពីឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសិង្ហបុរី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង និងធ្វើអនាម័យកុមារា (Circumcision) ដោយឥតគិតថ្លៃ ស្ថិតនៅក្នុងឃូំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតែកែវ ។
ក្នុងឱកាសតំណាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសិង្ហបុរី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ ចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ២៥០នាក់ និងធ្វើអនាម័យកុមារា (ធ្វើខតាន់)ជាង១០០នាក់ ដោយឥតគិតថ្លៃ នៅខេត្តតាកែវ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺជាការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម នៅក្នុងប្រទេសកម្ពុជា និងការជួយកាត់បន្ថយលើការចំណាយ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើការថែរក្សាសុខភាព ។
មួយវិញទៀត ការអនុញ្ញាណដល់ក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាលជំងឺដល់បងប្អូនខ្មែរឥស្លាម របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត គឺបានបង្ហាញពីការយកចិត្តទុកដាក់ លើប្រជាពលរដ្ឋគ្រប់ជាតិសាសនា ដែលបានរស់នៅលើទឹកដីកម្ពុជា ជាពិសេសសហគមន៍ខ្មែរឥស្លាម ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យគោរពប្រតិបត្តិសាសនា ដោយគ្មានការរើសអើង និងតែងតែយកចិត្តទុកដាក់ដូចបងបងប្រជាពលរដ្ឋខ្មែរទូទៅ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា មួយវិញទៀត នៅពេលមានជំនួយ ឬអំណោយពីបណ្ដាប្រទេសជាសាសនិកអ៊ិស្លាម គឺរាជរដ្ឋាភិបាលកម្ពុជា ពុំមានការរាររាំង និងតែងតែបើសិទ្ធិ សម្រាប់ជំនួយទាំងអស់នោះ គឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានការរស់នៅបានសុខសាន្ត និងសុខដុមរមនា ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ន គ្រីយ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកុមារដែលធ្វើអនាម័យនេះ ក្រោយពេលទទួលបានការពិនិត្យព្យាបាលជំងឺនេះហើយ សូមនាំគ្នាថែរក្សាសុខភាព ហូបចុក និងការរស់នៅឲ្យមានអនាម័យល្អ ខណៈរដូវភ្លៀងធ្លាក់នឹងខិតជិតមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ។ ជាមួយនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី ដែលបានមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ហើយនេះក៏បានបង្ហាញការចូលរួមចំណែក ក្នុងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសសិង្ហបុរី ដែលមានស្រាប់ និងកំពុងពង្រីកបន្ថែមនៅគ្រប់វិស័យ ។
គួរបញ្ជាក់ថា សម្រាប់ការចុះ “អប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺទូទៅ និងធ្វើអនាម័យកុមារដោយឥតគិតថ្លៃ” (Project Afiyah) របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសសិង្ហបុរីនេះ មិនត្រឹមតែធ្វើនៅក្នុងខេត្តតាកែវនោះទេ គឺពួកគេក៏បានចុះទៅខេត្តកណ្ដាលផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ







