សហរដ្ឋអាមេរិក មានផែនការចោទប្រកាន់លោក Raul Castro អតីតមេដឹកនាំប្រទេសគុយបា ពីបទបាញ់ទម្លាក់យន្តហោះដឹកជំនួយមនុស្សធម៌កាលពីពីរទសវត្សរ៍មុន ដែលបានបង្កើនភាពតានតឹងបន្ថែមទៀតនៅលើប្រទេសកោះមួយនេះកាលពីថ្ងៃសុក្រ ខណៈប្រទេសគុយបា កំពុងទប់ទល់ទៅនឹងវិបត្តិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្នុងពេលមានកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ។
ការចោទប្រកាន់អ្នកតំណាងបដិវត្តន៍អាយុ៩៤ឆ្នាំរូបនេះ នឹងបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃយុទ្ធនាការដាក់សម្ពាធលើប្រទេសគុយបា ដោយរដ្ឋបាលលោក Trump ដែលបានហៅរដ្ឋាភិបាលគ្រប់គ្របរបបកុម្មុយនិស្តកោះនេះថាជា រដ្ឋាភិបាលពុករលួយ និងគ្មានសមត្ថភាព ខណៈខ្លួនជំរុញឱ្យមានការផ្លាស់ប្តូរ។ គុយបា ពុំទាន់បានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការគំរាមចោទចោទប្រកាន់នេះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក Bruno Rodriguez បានបង្ហាញពីជំហរជំទាស់លើរឿងនេះ កាលពីថ្ងៃសុក្រ។
លោក Rodriguez បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ក្រុមប្រទេសប្រ៊ីក(BRICS) ថា «ទោះបីជាមានការដាក់បម្រាម ទណ្ឌកម្ម និងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងក៏ដោយ គុយបានៅតែបន្តដើរលើមាគ៌ានៃអធិបតេយ្យភាពឆ្ពោះទៅរកការអភិវឌ្ឍសង្គមនិយមរបស់ខ្លួន»។

