ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងព្យាយាមទាញប្រទេសបេឡារុសឱ្យធ្លាក់ចូលកាន់តែជ្រៅទៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយកំពុងថ្លឹងថ្លែងផែនការវាយប្រហារនៅភាគខាងជើងអ៊ុយក្រែន ឬប្រទេសសម្ព័ន្ធមិត្តណាតូណាមួយពីទឹកដីប្រទេសបេឡារុស។

លោក Zelenskyy បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram បន្ទាប់ពីបានជួបជាមួយមន្ត្រីយោធា និងចារកម្មថា «យើងបន្តកត់ត្រាការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការទាញប្រទេសបេឡារុសឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន»។ លោកបាននិយាយថា អ៊ុយក្រែន បានដឹងពីទំនាក់ទំនងបន្ថែមទៀតរវាងរុស្ស៊ី និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ក្នុងការបញ្ចុះបញ្ចូលលោក ឱ្យចូលរួម «ប្រតិបត្តិការឈ្លានពានថ្មីរបស់រុស្ស៊ី»។ លោកបាននិយាយថា «រុស្ស៊ីកំពុងពិចារណាផែនការសម្រាប់ប្រតិបត្តិការនៅភាគខាងត្បូង និងខាងជើងនៃទឹកដីប្រទេសបេឡារុស ទាំងប្រឆាំងនឹងគោលដៅទីក្រុង Chernihiv និងទីក្រុង គីវ (Kyiv) នៅអ៊ុយក្រែន ឬប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តណាតូមួយដោយផ្ទាល់ពីទឹកដីប្រទេសបេឡារុស» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេសបេឡារុស មានព្រំដែនជាប់ជាមួយអ៊ុយក្រែននៅភាគខាងត្បូង និងសមាជិកណាតូ មានប្រទេសប៉ូឡូញ លីទុយអានី និងប្រទេសឡាតវីនៅភាគខាងជើង និងខាងលិច។ ទីក្រុងមូស្គូ មិនបានបង្ហាញផែនការយោធារបស់ខ្លួននៅអ៊ុយក្រែន ដែលត្រូវបានចាត់ថ្នាក់ថាសម្ងាត់បំផុតរបស់រដ្ឋនោះទេ។
លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុញ្ញាតឱ្យទឹកដីរបស់លោក ត្រូវបានប្រើប្រាស់សម្រាប់ផ្នែកមួយនៃការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ទៅលើប្រទេសជិតខាងតូចជាងខ្លួន ទោះបីជាលោកមិនបានបញ្ជូនកងទ័ពបេឡារុសទៅប្រយុទ្ធនៅទីនោះក៏ដោយ។
